រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន ជំរុញការបង្កើតនូវអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗខាងមុខ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវអនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទំាងពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករាឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សានៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែលបានធ្វើជាសាក្សីនៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបានបញ្ជូនឥស្សរជនសំខាន់ៗរបស់ខ្លួនមកសង្កេតការណ៍ជាច្រើននាក់។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោត ជាប់ជាប្រធានរដ្ឋសភានីតិកាលទី៧ ជាស្រ្តីដំបូងនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាន និងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាននោះទេ តែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំាងមូល។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេសគណៈប្រតិភូរដ្ឋសភាប៉ាគីស្ថានតែងតែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា សភាទាំងពីរប្រទេសបានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគំាទ្រដល់ការបោះឆ្នោតនៅកម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគនិងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ជាដើម។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន មានសុទិដ្ឋិនិយមថានៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។ ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះដែរ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner