សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតថៃ ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃនាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner