រដ្ឋសភាកម្ពុជា គំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ

(ភ្នំពេញ)៖ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែលបានលះបង់និងបំពេញការងារក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមានតំាងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់ ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៅក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្រ្តី ។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តីកម្ពុជានិងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុងការបំពេញការងារគ្រប់វិស័យ ដោយភាពរឹងមាំ ក្លាហាន ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាកបានធ្វើស្រ្តី រឹងមាំ ។

លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ស្រ្តីកម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកជំទាវ បានលើកឡើងពីសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិងជានិមិត្តរូបរបស់ស្រ្តី។ លោកជំទាវឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ ។

ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកជំទាវ ពេញចិត្តចំពោះជោគជ័យនៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការគំាទ្រនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ឯកអគ្គរាជទូត បានលើកឡើងថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជាគុយបា ដែលបានពូនជ្រំឡើង ដោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៩។

ជាមួយ ការស្នើដល់ប្រទេសគុយបាបន្តជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និងកសិកម្ម ជាដើម ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner