ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់មិនអាចជាប់ទោសអស់មួយជីវិតទេ ប៉ុន្តែបើយើងមិនហានប្រឈមយើង និងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍គឺត្រូវតែទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះមុខច្បាប់ ហើយចៀសវាងរឿងមួយ គឺរឿងបុកគេស្លាប់ហើយរួចខ្លួន។ នៅក្នុងចំណុចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា « យើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសំរាប់ជនរងគ្រោះទី១ និងទី២ក្នុងការកំណត់ថាអ្នកណាខុស អ្នកណាត្រូវ គឺត្រូវតែពិនិត្យផ្លូវច្បាប់ឱ្យបាន ត្រឹមត្រូវមិនប្រាកដថា ពេលខ្លះអ្នកថ្មើរជើងត្រូវតែជាអ្នកត្រូវនោះទេ ឬក៏អ្នកជិះម៉ូតូសុទ្ធតែអ្នកត្រូវ ហើយអ្នកបើកឡានសុទ្ធតែអ្នកខុសនោះទេ» ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់មិនអាចជាប់ទោសអស់មួយជីវិតទេប៉ុន្តែបើយើងមិនហានប្រឈមយើងនិងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត។

ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា យ៉ាងណាក៏ដោយ ឯកឧត្តម លើកទឹកចិត្ត អោយមានការបន្ធូរបន្ថយផ្អែកលើច្បាប់មិនមែនបានន័យថារួចខ្លួននោះទេ ប្រសិនបើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បង្ហាញភាពក្លាហាន ចូលដោះស្រាយចំពោះមុខច្បាប់ ដែលជាការធានាបាននូវសំណងហើយ ធានាបានូវយុត្តិធម៌ទៀត ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា បើបុកគេហើយរត់គេចខ្លួនមិនមែនតែបទល្មើសតែមួយបទទេ គឺបទល្មើសពីរបទ គឺបទល្មើសបុកគេមួយហើយ កំទាន់គិតថាខុសឬត្រូវ ប៉ុន្តែរឿងទី២ គឺបទល្មើសរួចគេចខ្លួនមួយទៀត ដែលកន្លែងមួយនេះគឺថាវិធានការត្រូវតែម៉ឺងម៉ាត់ ដែលរឿងទាំងនេះគឺត្រូវតែយកចិត្តទុកដាក់ជាអាទិភាពសំរាប់សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានគូសបញ្ចាក់ដែរថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ពេលខ្លះជនរងគ្រោះ គាត់រងគ្រោះបាត់ទៅហើយ ប៉ុន្តែបើគាត់រងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយ កំអោយគាត់រងគ្រោះក្នុងនីតិវិធីមួយទៀត បញ្ហាសំខាន់ពេលខ្លះជនរងគ្រោះរកលុយធ្វើបុណ្យសពក៏ពិបាកដែរ ប៉ុន្តែដើម្បីអាចទទួលបានសំណងត្រូវការពេល ៣ឆ្នាំ មិនអាចអោយគាត់រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយហើយ មករងគ្រោះដោយសារការអូសបន្លាយនីតិវិធីបាននោះទេ ដើម្បីអនុវត្ត ការងារនេះ ក្រសួងយុត្តិធម៌ និងណែនាំទៅតុលាការ ព្រះរាជអាជ្ញា ទាំងខាងតុលាការ សាលាជំរះក្តី ចាត់តាំងឱ្យមានព្រះរាជអាជ្ញារង និងចៅក្រោមដែលទទួលបន្ទុកលើការងារចរាចរណ៍តែម្តង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ គួរបញ្ជាក់ថាផងដែរថា បន្ថែមលើយុទ្ធនាការទាំងពីរ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្រសួងយុត្តិធម៌ក៏បានប្រកាសដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ដាច់ខាតនិងគោលការណ៍ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សំរាប់សំណុំរឿងចំនួន ៣ប្រភេទក្នុងនោះមាន ទី១សំណុំរឿងក្តីគ្រឿងញៀន ទី២ សំណុំរឿងក្តីគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងក្តីពាក់ទងនិងអត្រ្តានុកូលដា្ឋន ដែលបាននិងកំពុងប៉ះពាល់ផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ ហើយដែលក្រសួងត្រូវយកការទទួលខុសដោះស្រាយប្រកបដោយភាពម៉ឺងម៉ាត់។ ដោយឡែកសំណុំរឿង ព្រហ្មទណ្ឌ ក្នុងនោះសំណុំរឿងគ្រឿងគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជា ១២ភាគរយ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner