អាមេរិកប្រាប់អ៊ីស្រាអែល ឲ្យឈប់បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល នៅហ្គាហ្សា បន្ថែមទៀត
វ៉ាស៊ីងតោន ឌីស៊ី៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ប្រាប់លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu ឱ្យជៀសវាង «គ្រោះថ្នាក់ជនស៊ីវិលបន្ថែមទៀត» នៅក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller នាថ្ងៃអង្គារ សប្តាហ៍នេះ បានអះអាងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទើបបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា កងកម្លាំងអ៊ីស្រាអែលត្រូវតែជៀសវាងការបង្កគ្រោះថ្នាក់បន្ថែមទៀត លើជនស៊ីវិល នៅក្នុងតំបន់ Gaza ។
ជាការប្រាប់ ក្នុងពេលដែលលោក Blinken បាននិងកំពុងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសនានា នៅទូទាំងមជ្ឈិមបូព៌ា ដើម្បីរំងាប់ភាពតានតឹង ក្នុងតំបន់ ជុំវិញជម្លោះដែលឈានចូលដល់ខែទីបួន ហើយនោះ។
លោក Matthew Miller បាននិយាយថា លោក Blinken បានបញ្ជាក់ជាថ្មីនូវការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបញ្ឈប់ការកើតឡើងម្តងទៀត នៃការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។ បន្ទាប់មក លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលបន្ថែមទៀត និងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Gaza។
ប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានប្រាប់ភាគីអ៊ីស្រាអែលដែរថា ចំនួនអ្នកស្លាប់លើជនស៊ីវិល នៅ Gazaដែលបណ្តាលមកពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសគឺ «ខ្ពស់ពេក»។ លោក Antony Blinken ជំរុញឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក សំដៅលើ អ៊ីស្រាអែល កាត់បន្ថយការឈឺចាប់របស់ប្រជាជនស៊ីវិល នៅហ្គាហ្សា តទៅទៀត។
បើតាមក្រសួងសុខាភិបាលហ្គាហ្សា មនុស្សស្លាប់ដោយសារតែវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានកើនដល់ជាង ២៣០០០នាក់ហើយ គិតត្រឹមថ្ងៃទី៩ ខែមករា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត