សម្តេចធិបតីទទួលជួបសាស្ត្រាចារ្យ Jeffrey Sachs (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia ចូលជួបសម្តែងការគួរសម ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចការងារក្នុងរាជធានីភ្នំពេញ។

លោកសាស្ត្រាចារ្យ Jeffrey Sachs ដែលប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាមួយ ដែលផ្តោតលើកត្តាបរិស្ថាន។

សិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» គ្រោងនឹងរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រីវេលាព្រឹកថ្ងៃទី១១ មករា
ដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ៤០០នាក់។

លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងបង្ហាញនូវឆន្ទៈដ៏មុតមាំ និងបញ្ជាក់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតងជាដើម។

សម្តេចធិបតី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលា និងសម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និងបានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យដ៏ល្បីល្បាញនេះ។

ads banner