ទីប្រឹក្សាគណបក្សភ្លើងទៀន អំពាវនាវមិត្តភក្តិក្នុងបក្សចាកចេញពីក្រុមប្រឆាំង (Video Inside)
ទីប្រឹក្សាគណបក្សភ្លើងទៀនម្នាក់ ក្នុងស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការប្រកាសចាកចេញរបស់លោក សឹម ស៊ាន អាយុ ៤១ឆ្នាំ បានធ្វើតាមរយៈការបង្ហោះវីដេអូមួយ បង្ហាញនូវភាពឆ្អែតចិត្ត និងធុញទ្រាន់ ចំពោះការបំរើកិច្ចការនយោបាយដល់គណបក្សប្រឆាំងរយៈពេល២០ឆ្នាំកន្លងមកនេះ។
លោក សឹម ស៊ាន ហៅគណបក្សប្រឆាំងទាំងសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនថា ជាគណបក្សចូលចិត្តតែប្រើសម្តីឆ្កឹះឆ្កៀល ញុះញង់ បំបែកបំបាក់ លាបពណ៌ ចំណែកការដឹកនាំក្នុងគណបក្សវិញ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន, ដណ្តើមតួនាទី និងដណ្តើមអំណាចគ្នា។
ថ្លែងក្នុងឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គម លោកបានអំពាវនាវឱ្យសមាជិកដទៃទៀត ក្នុងគណបក្សភ្លើងទៀន ប្រញាប់ចាកចេញពីគណបក្សប្រឆាំងនេះ ដើម្បីកុំឱ្យផុងខ្លួនខុសកាន់តែជ្រៅ។
កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថា បាននាំគ្នាភ្ញាក់រលឹកម្តងមួយៗ និងបានសារភាពនូវទោសកំហុស និងសុំមកចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ទទួលយកមនុស្សភ្ញាក់រំលឹក ដែលមកចូលរួមទាំងអស់ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។