ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បំបែកករណីឃាតកម្មគប់កញ្ចក់ឡាន (Video Inside)
កម្លាំងនគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ ដែលបណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍។
សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់នេះ បានកើតឡើងប្រមាណច្រើនខែមកហើយ គឺនៅចុងខែមេសា ឆ្នាំ២០២៣ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ប៉ុន្តែមូលហេតុដែលជាប់ពាក់ព័ន្ធទើបនឹងបានរកឃើញ វេលាចុងក្រោយនេះទេ។
ជនរងគ្រោះឈ្មោះ ហើម អាយុ៣៨ឆ្នាំ នាពេលនោះ បានបាត់បង់ជីវិត គ្រាដែលរថយន្តត្រូវគេជឿថា បានវេរចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ដែលនាំឱ្យមានការសន្និដ្ឋាននៅមុននេះថា ជាគ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើបង្កហេតុនេះ។ ជនសង្ស័យទាំង២ឈ្មោះ ទូច ចិន អាយុ ២១ឆ្នាំ និងម្នាក់ទៀតអាយុ ១៨ឆ្នាំឈ្មោះ នូ ដារ៉ា ដែលអ្នកទាំង២ជាអ្នកស្រុករស់នៅក្នុងស្រុកបាភ្នំ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត (សម្លេងឈឿន ប៊ុនឆន)
បើសិនជាសំណុំរឿងនេះ មិនបានបំបែកនោះទេ ជនរងគ្រោះពិតជាបានស្លាប់ដោយអយុត្តិធម៌ជាទីបំផុត។ លោកស្នងការនគរបាលខេត្ត បានរៀបរាប់បន្តថា ជនសង្ស័យបានសារភាពថា ការគប់កញ្ចក់ឡាននោះ គឺដោយសារតែខឹងនឹងរថយន្តនោះ បើកភ្លើងហ្វាខ្លាំងដាក់មកលើពួកគេ។
ស្នងការនគរបាលខេត្តព្រៃវែងបានថ្លែងថា គេបានជួយដោះស្រាយលើសំណងរដ្ឋប្បវេណី ដោយហៅគ្រួសារជនរងគ្រោះ និងគ្រួសារជនសង្ស័យមកសម្របសម្រួល ដោយទទួលសំណងបានជិត ១០លានរៀល រីឯចំណាត់ការផ្លូវច្បាប់វិញ ត្រូវបានតុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនជនសង្ស័យទាំង ២នាក់បណ្ដោះអាសន្ន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ។