ក្រសួងបរិស្ថានដាស់តឿនប្រុងប្រយ័ត្នកំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ (Video Inside)

ក្រសួងបរិស្ថានបានដាស់តឿនការប្រុងប្រយ័ត្ន នូវកំណើនកំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ ដែលធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ និងបង្កហានិភ័យ ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

កំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ ត្រូវបានកើតឡើងតាមរយៈការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម, ពីយានយន្ត, ពីភ្លើងឆេះព្រៃ, ពីការដុតវាលស្មៅ, ការដុតសំណល់កសិកម្ម, ការដុតរានព្រៃ, ការដុតគល់ជញ្ជ្រាំង, ការដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម, ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។

ក្រសួងបរិស្ថាន បានថ្លែងថា នារដូវប្រាំងរវាងពីខែធ្នូ ដល់ខែមេសា ស្ថានភាពគុណភាពខ្យល់ មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល ដែលអណ្ដែតក្នុងខ្យល់ និងអាចមានកម្រិតលើសស្តង់ដារកំណត់។

ការបង្ហាញភាពព្រួយបារម្ភនេះ គឺនៅបន្ទាប់ពីប្រទសថៃ ដែលនៅក្បែរខាងកម្ពុជា ទើបបានផ្សាយថ្មីៗកន្លងមកនេះថា ក្នុងចំណោមខេត្តទាំង ៧៧របស់ថៃ មានខេត្តចំនួន៤១ បានគ្របដណ្តប់ដោយកំហាប់ភាគល្អិតនិចលអណ្ដែតនៅក្នុងខ្យល់នេះ។

ក្រសួងបរិស្ថានបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគុណភាពខ្យល់មិនល្អនេះ និងស្នើដល់អភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងប្រទេស។

ads banner