អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធការផ្សាយគណនីហ្វេសប៊ុក The CEROC (សេរ៉ក) (Video Inside)

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធការផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលមានទំនោរប្រឆាំងនឹងនយោបាយដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

គណនីឈ្មោះគណៈកម្មាធិការ ដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសហៅកាត់ថា The CEROC បានផ្សាយកាលពីថ្ងៃទី៩ មករា ឆ្នាំ២ ០២៤ចោទប្រកាន់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី «មិនយកអតិថិជនជាធំទេ»។ គណនីនោះ បាននិយាយវាយប្រហារថា «មើលចុះពួកគេអោយពិន្ទុទាបខ្លាំងណាស់ រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃ មិនអោយឆ្លងកាត់ព្រលាននេះថែមទៀត»។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងសេចក្តីបំភ្លឺព័ត៌មានមួយរបស់ខ្លួនថ្ងៃទី៩មករា បានហៅការផ្សាយព័ត៌មានក្នុងគណនី The CEROC នោះ គឺជាការ «ស្រង់ប្រភពព័ត៌មានមិនច្បាស់លាស់ ហើយកាលបរិច្ឆេទ នៃការបញ្ចេញមតិទាំងនេះ ភាគច្រើនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបានបើកដំណើរការជាផ្លូវការនោះទៅទៀត»។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធចំពោះការផ្សាយចោទប្រកាន់របស់គណនីហ្វេសប៊ុក The CEROC នោះ និងបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចៀសវាងផ្សាយនូវព័ត៌មានមិនពិត ដែលបង្កឱ្យមានក្តីភ័ន្តច្រឡំ ដល់សាធារណជន និងភ្ញៀវបរទេសនានា។

ads banner