ក្រសួងសុខាភិបាលបញ្ជាក់ការរងនឹងជម្ងឺដោយសារសេពគ្រឿងស្រវឹង (Video Inside)

ក្រសួងសុខាភិបាល បានថ្លែងថា ការសេពគ្រឿងស្រវឹងនឹងធ្វើឱ្យមនុស្សកើត ឬឆ្លងជម្ងឺច្រើនជាង១០មុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៩មករា, ក្រសួងសុខាភិបាលបានថ្លែងថា ជាតិអាល់កុលក្នុងគ្រឿងស្រវឹង ក្នុងរយៈពេលតែ ២ទៅ ៣នាទីតែប៉ុណ្ណោះ អាចជ្រាបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ នៃជាតិអាល់កុល។ ពេលនោះមនុស្សរងនឹងជាតិអាល់កុលនេះ ចាប់ផ្តើមនិយាយច្រើន, ចលនាអន់ថយ, គំហើញថយចុះ, ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លង ដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

ក្រសួងសុខាភិបាលបន្តថា គ្រឿងស្រវឹងក៏នឹងប៉ះពាល់សុខភាពសម្រាប់រយៈពេលយូរផងដែរ ដូចជានឹងធ្វើឱ្យមនុស្សមានជំងឺក្រិនថ្លើម, ខូចថ្លើម, មានជម្ងឺមហារីក ដូចជាមហារីកមាត់ បំពង់ក, បំពង់អាហារ, ថ្លើម ពោះវៀនធំ និងសុដន្យជាដើម។ គ្រឿងស្រវឹងនឹងបង្កឱ្យមាន ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយធ្លាក់ខ្លួនឈឺ។

ការសេពគ្រឿងអាល់កុលនឹងធ្វើឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ, ជំងឺធ្លាក់ទឹកចិត្ត, មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់, អសមត្ថភាពផ្នែកផ្លូវភេទ, មានជម្ងឺជំងឺបេះដូង និងសរសៃឈាម, ជំងឺសរសៃឈាមខួរក្បាល, ជំងឺខ្សោយសាច់ដុំ និងឆ្អឹង, ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រីណា ដែលប្រើប្រាស់គ្រឿងស្រវឹង ក្នុងអំឡុងពេលពរពោះ និងបង្កឱ្យមានជំងឺមិនឆ្លងផ្សេងៗទៀត៕

ads banner