នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងមានវ័យ៣៤ឆ្នាំ ក្មេងបំផុតក្នុងប្រវត្ថិសាស្ត្រ
ប៉ារីស៖ លោក Gabriel Attal ដែលមានវ័យ ៣៤ឆ្នាំ ត្រូវបានជ្រើសតាំងឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសបារាំង។ លោកត្រូវបានប្រកាសតែងតាំង ជំនួសលោកស្រី Elisabeth Borne ក្រោយពេលលោកស្រីបានកាន់តំណែងនេះ អស់រយៈពេលជាង២ឆ្នាំ។
លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយ សម្រាប់អាណត្តិ ជាប្រធានាធិបតីរបស់លោក។
ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែង ជានាយករដ្ឋមន្ត្រីបារាំង អស់រយៈពេលជាង២ឆ្នាំ។
ការតែងតាំងលោក Attal ជានាយករដ្ឋមន្ត្រីបារាំង នាពេលនេះ បានធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ក្នុងប្រវត្ថិសាស្ត្របារាំង។
គួរបញ្ជាក់ថា លោក Gabriel Attal បានចូលកាន់តំណែងជាផ្លូវការ ក្នុងថ្ងៃអង្គារ សប្តាហ៍នេះ នៅឯពិធីប្រគល់តំណែងមួយ ដោយទទួលពីលោកស្រី Borne រៀបចំឡើងនៅឯ វិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងប៉ារីស។
លោកនាយករដ្ឋមន្ត្រីថ្មីរូបនេះបានសន្យាថា នឹងនាំមកនូវកំណែទម្រង់ និងប្រឹងប្រែងជួយជ្រោមជ្រែងជីវភាពរបស់ប្រជាជនបារាំង ឲ្យមានជីវភាពមធ្យម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត