សួនប៉ោយប៉ែត តេជោឈ្នះឈ្នះ បានលើកសម្រស់ ក្រុងប៉ោយប៉ែតបន្ថែមទៀត
បន្ទាយមានជ័យ៖ “សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ”ដែលស្ថិតនៅផ្លូវជាតិលេខ៥-ផ្លូវដែកភូមិគីឡូម៉ែត្រលេខ៤ នៃ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបាន សម្ពោធ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី-នាយរងខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្ដម ចាយ សាមិត រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ទីតាំងសួននេះជាអតីតដីដែលពលរដ្ឋចូលមករស់នៅក្នុងលក្ខណៈធ្វើ សំណង់មិនមានរបៀបរៀបរយលើដីចំណីផ្លូវជាតិ លេខ៥និងផ្លូវដែកដែលជាហេតុធ្វើឱ្យអាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធ ជូនពួកគេបាន។បន្ទាប់មកពលរដ្ឋ៤៧គ្រួសារ បានស្ម័គ្រចិត្តចាកចេញពីទីតាំងហើយត្រូវអាជ្ញាធរផ្តល់នូវដីដោះដូរគោលនយោបាយដីពីអាជ្ញាធរសង់លំនៅឋានទំហំ១៥ម៉ែត្រ គុណ៥០ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍តេជោឈ្នះ ឈ្នះ បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកបន្តថា អាជ្ញាធរបានកែលម្អទីតាំងជាសួនសាធារណ :ដែលប្រសិទ្ធនាម “សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ “។ជាសួនថ្មី ភ្ជាប់នឹងសួនចាស់មានទំហំដី៣.៥៦០ម៉ែត្រក្រឡា ក្នុងនោះផ្ទៃសួន៩៦០ម៉ែត្រក្រឡា ការ៉ូឡា ៥៦០ម៉ែត្រ ក្រឡា ប្រឡាយ ២៤ ម៉ែត្រក្រឡា ចាក់សាប ១.៨០០ ម៉ែត្រក្រឡា ។សរុបចំណាយចំនួន ៨១.៥២៩ ដុល្លារ អាមេរិក ដែលបានពីបរិច្ចាគឧកញ៉ា ឡាយ ប៊ុនប៉ា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ឯកឧត្តម អ៊ុ រាត្រី លោក យ៉ាង គឹមហ៊ុយ លោក តាំង គឹមរឹទ្ធិនិងសប្បុរសជន ជាច្រើនទៀត ។
ក្នុងឱកាសនេះដែរឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យនិងឯកឧត្តម ប៉ាន់ខែម ប៊ុនថនបានថ្លែងអំណរគុណដល់ ក្រុមការងារមន្ត្រីនិងសប្បុរសជនដែលបានចូលរួមសម្របសម្រួលនិងកសាង”សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ” លេចចេញ ជារូបរាងឡើងក្លាយជាសួនសាធារណ:លើកសម្រស់និងសោភណភាពក្រុងប៉ោយប៉ែតបន្ថែមទៀត ៕
ដោយ៖ឃិន គន្ធា