ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា សមាគមនឹងបើក ការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា
(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។ ការស្វាគមន៍ របស់ សម្តេចតេជោ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ពេលអនុញ្ញាតឱ្យលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងចូលជួបសម្តែងការគួរសម ក្នុងពិធីពិសារ អាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក តាកាហាសី ហ៊្វូមីអាគី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបលោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក តាកាហាសី ហ៊្វូមីអាគី ក៏បានសម្តែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។
ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀត ពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង លោកបានបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។
លោក តាកាហាសី ហ៊្វូមីអាគី បានបន្តថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បានបង្ហាញឆន្ទៈ ក្នុងការបើកសាលាបណ្ដុះបណ្ដាលជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា ។
ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជា ដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយលោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ៕
ដោយ ៖ វណ្ណលុក