ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីរដ្ឋបាលត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ដាច់ខាតមិនឱ្យយកតម្លៃក្រៅសេវា ដែលបានកំណត់ឡើយ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលារាជាធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរបស់យើងត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺ ដាច់ខាតមិនឱ្យមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ ។ ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី លោកអភិបាលរាជធានីនឹងធ្វើការស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមអភិបាលរាជាធានីភ្នំពេញបន្តថា ការងារ សន្តិសុខ សណ្តាប់ កែលំអរ រាជធានីភ្នំពេញ យើងអនុវត្តបានយ៉ាងល្អទាំងកិច្ចប្រជុំកំពូលៗនិងបុណ្យជាតិធំៗ។ អាជ្ញាធរនិងកងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបេ្តជ្ញាចិត្តអនុវត្តអោយបានល្អបំផុតទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវកោតសសើរ ចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំង ប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់ វិស័យក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
រក្សាបាននូវសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងអនុវត្តបានយ៉ាងជោគជ័យ នូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើឱ្យរាជធានីភ្នំពេញទទួលបាន នូវការកោតស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ ។

រដ្ឋបាលរាជធានីបានជម្រុញការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀនអោយបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗនៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា ។ ជាមួយគ្នានេះបញ្ហាសំរាមក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ព្រោះ គិតមកដល់ពេលនេះ ការប្រមូលសំរាម នៅតែបន្តខាតបង់រាល់ខែនៅឡើយ ហើយតាមពត៌មាន នៅតាមបុរីខ្លះ ពួកគាត់មិនដឹងថា បង់សេវាសំរាមតាមណាផងនៅឡើយទេ ដែលបញ្ហានេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner