ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្តេជ្ញាចិត្តក្នុងការបន្តទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលថ្មីដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុន នៅសណ្ឋាគារ New Otani Tokyo កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ ក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ២០០០ម៉្លេះ។

សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅព្រលាន យន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុននាពេលកន្លងមកនិងតទៅអនាគត។

ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ បានលើកទឹកចិត្តនិងស្នើឱ្យភាគីជប៉ុនបន្តជួយកម្ពុជាក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ឱ្យបានជោគជ័យ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner