សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមថា៖ “សុខភាព ហ៊ុន សែន បន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ”

ភ្នំពេញ៖ តាមរយៈបណ្តាញតេឡេក្រាមនៅល្ងាចថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុននេះបន្តិចសម្តេចទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថា សុខភាពសម្តេចមិនល្អមកលាងឈាម មិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់។ ដោយសម្តេចបានប្រាប់ទៅពួកអ្នកវិញថា ៖ សុខភាពហ៊ុន សែន បន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យ ពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំបារម្ភពីសម្តេចធ្វើអីគិតពីខ្លួនឯងទៅល្អជាង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណចំពោះឯកឧត្តម គីស៊ីដាហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ សម្តេចតេជោក៏សូមអរគុណផងដែរដល់មិត្តភ័ក្តិទាំងអស់ដែលមកជួបពិភាក្សាជាមួយសម្តេចពេលសម្តេចស្នាក់នៅទីក្រុងតូក្យូ៕

ads banner