ទំហំពាណិជ្ជកម្មចិន និងរុស្ស៊ី កើនដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៣
ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មចិន និងរុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ ខណៈដែលទំហំពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ព្រោះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
តួរលេខគយបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីឈានដល់ជាង ២៤០ពាន់លានដុល្លារ កើនលើសគោលដៅ ២០០ពាន់លានដុល្លារ ដែលកំណត់ដោយប្រទេសជិតខាងទាំងពីរ នៅក្នុងកិច្ចប្រជុំទ្វេភាគីកាលពីឆ្នាំមុន។
ទំហំពាណិជ្ជកម្មនេះ តំណាងឱ្យការកើនឡើង ២៦.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយតួលេខនេះដែរ គឺជាកំណត់ត្រាដ៏ខ្ពស់បំផុតមួយសម្រាប់ប្រទេសទាំងពីរ ដែលមានភាពជិតស្និទ្ធខាងផ្នែកនយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
យ៉ាងណាមិញ អនុរដ្ឋមន្ត្រីរដ្ឋបាលទូទៅគយចិន លោក Wang Lingjun បានប្រាប់សន្និសីទសារព័ត៌មានថា ពាណិជ្ជកម្មរបស់ប្រទេសចិន នឹងប្រឈមមុខនូវឧបសគ្គកាន់តែច្រើនក្នុងឆ្នាំ ២០២៤នេះ។ លោកបន្ថែមថា ភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់នៃបរិយាកាសខាងក្រៅកំពុងកើនឡើង ហើយយើងត្រូវជម្នះការលំបាក និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើនពាណិជ្ជកម្មបរទេសបន្ថែមទៀត។
ការអះអាងបែបនេះរបស់លោក Wang កើតឡើងចំពេលដែលទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បែរបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩។ ទំហំពាណិជ្ជកម្មចិន និង សហរដ្ឋអាមេរិក មានទឹកប្រាក់ ៦៦៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ធ្លាក់ចុះ ១១.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា