គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជា សង្គ្រោះ បឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះ ប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានទទួល ស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន ១៦រូប ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ។
ជំនួបនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ ស្តីទី និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ អមដោយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ចំនួន ១៦រូប ដឹកនាំដោយ លោក ទុយ ច័ន្ទសុបញ្ញា មន្ត្រីអគ្គនាយកដ្ឋានយុវជន នៃក្រ សួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ។
លោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលបានអញ្ជើញមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងបានផ្តល់ឱកាសដល់មន្ត្រី នៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិ និងសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន ៤ រួមមាន ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន ។
ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន បានមានការចាប់អារម្មណ៍ទៅលើការងាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, ដែលត្រង់ចំណុចនេះ លោកជំទាវអគ្គលេខាធិការស្តីទី បានជម្រាបជូនពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីទទួលគោរមងារទី១ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ រៀងមកនោះ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកក្នុងការធ្វើឱ្យអត្រានៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះ តាមរយៈការលើកកម្ពស់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ដោយផ្តោតលើការមិនរើសចំពោះអ្នកផ្ទុកមេរោគអេដស៍ ការទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ដោយមិនបានប្រើឱសថប្រឆាំងមេរោគអេដស៍ និងទប់ស្កាត់មិនឱ្យមានអ្នកឆ្លងមេរោគអេដស៍ថ្មី។
ពាក់ព័ន្ធនឹងការងារមេរោគអេដស៍ ជំងឺអេដស៍នេះដែរ លោកជំទាវ បានគូសបញ្ជាក់អំពីពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានទទួលពីអង្គការសហប្រជាជាតិ កាលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងការបំពេញបាននូវយុទ្ធសាស្ត្រសូន្យបីរបស់អង្គការសហប្រជាជាតិទៀតផង។ ទន្ទឹមនឹងនេះ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពីសុខភាពស្ត្រី កុមារ និងទារក បានរួមចំណែកធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូន និងអត្រាមរណភាពមាតា និងទារក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ។
ពាក់ព័ន្ធនឹងការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា, ឯកឧត្តម អគ្គលេខាធិការរងទី២ បានគូសបញ្ជាក់អំពី កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់វិទ្យាល័យ ដែលតែងតែឆ្លងកាត់ និងទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋានឱ្យមានការយល់ដឹងពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ប្រវត្តិកាកបាទក្រហមកម្ពុជា, វិជ្ជាសង្គ្រោះបឋម, ការងារប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពសាធារណៈជាដើម។ ដោយឡែក ចំពោះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏ទទួលបានវគ្គបណ្តុះបណ្តាលជំនាញដែលពួកគាត់នឹងត្រូវធ្វើជាមួយសហគមន៍ផ្ទាល់ផងដែរ។
ឆ្លើយតបទៅនឹងការចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពផ្លូវចិត្ត, លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក៏បានជម្រាបជូនថា ៖ ការងារសុខភាពផ្លូវចិត្តនេះ ជាផ្នែកមួយនៃវិជ្ជាសង្គ្រោះបឋមរបស់កាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ននេះមានកាកបាទក្រហមសិង្ហបុរី និងអឌ្ឍចន្ទក្រហមព្រុយណេ ក្នុងនាមជាសមាគមជាតិនៅភូមិភាគអាស៊ីអាគ្នេយ៍ បានបង្កើតឱ្យមានមជ្ឈមណ្ឌលដែលផ្តល់នូវព័ត៌មាន និងឯកសារស្តីពីវិជ្ជាសង្គ្រោះបឋម ការសង្គ្រោះបឋមផ្លូវចិត្ត និងការជួយខាងផ្នែកចិត្តសាស្ត្រសង្គម ។ បន្ថែមពីនេះ លោកជំទាវ អគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានធ្វើការបណ្តុះបណ្តាលតាមអនឡាញស្តីពីសុខភាពផ្លូវចិត្ត ដល់មន្ត្រី-បុគ្គលិក នៅតាមសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្តផងដែរ ៕
ដោយ / គ្រី សម្បត្តិ