ឡានហោះ និងយន្តហោះអគ្គិសនី រង់ចាំការអនុញ្ញាតឱ្យដំណើរការជាផ្លូវការ

ឡាស់ វេហ្កាស់៖ ទីក្រុង ឡាស់ វេហ្កាស់ របស់សហរដ្ឋអាមេរិក ដែលល្បីខាងកាស៊ីណូ និងពន្លឺភ្លើងពេលរាត្រី បានក្លាយទៅជាមជ្ឈមណ្ឌលនៃវិស័យបច្ចេកវិទ្យាទៅវិញ នៅក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ។

Read. អ្នកតាំងពិព័រណ៌ និងអ្នកចូលរួមរាប់ពាន់នាក់ មកពីជុំវិញពិភពលោក បានធ្វើដំណើរមកកាន់ទីក្រុងឡាស់ វេហ្កាស់ សហរដ្ឋអាមេរិក ដើម្បីដាក់តាំងបង្ហាញ និងសាកល្បងបច្ចេកវិទ្យាថ្មី។

ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Xpeng បានបង្ហាញឡានអគ្គិសនីហោះ ក្នុងពិព័រណ៌គ្រឿងអេឡិចត្រូនិក Consumer Electronics Show ហៅកាត់ថា (CES) ក្នុងទីក្រុងឡាស់ វេហ្កាស់ ដោយក្រុមហ៊ុនចិននេះ មានគោលដៅចែកចាយវានៅឆ្នាំ ២០២៥។

រីឯ Supernal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai Group ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក៏បានតាំងបង្ហាញយន្តហោះអគ្គិសនីដើរដោយថាមពលថ្មម៉ូដែល (eVTOL) ដែលអាចហោះហើរ និងចុះចតបញ្ឈរ។ យន្តហោះអគ្គិសនីនេះ មានក្បាលម៉ាស៊ីនចំនួន ៨ ដែលជួយឱ្យវាមានល្បឿន ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះឡើងដល់កម្ពស់ប្រមាណ ៤៥៧ម៉ែត្រ)។

ក្រុមហ៊ុន Hyundai បាននិយាយថា យន្តហោះអគ្គិសនីម៉ូដែល eVTOL របស់ខ្លួន នឹងបម្រើដល់ការហោះហើរពាណិជ្ជកម្មដែលមានចម្ងាយជិត ក្នុងគោលបំណងដឹកអ្នកដំណើរហោះហើរក្នុងចម្ងាយជិតៗ ដូចជាការចេញពីកណ្តាលទីក្រុង ដែលមានការកកស្ទះខ្លាំងទៅកាន់អាកាសយានដ្ឋាននៅជាយក្រុង ក្នុងរយៈពេលប៉ុន្មាននាទី ជាជាងប្រើពេលច្រើនម៉ោងនៅពេលជាប់គាំងចរាចរណ៍។

យន្តហោះអគ្គិសនីខាងលើ អាចផ្ទុកអ្នកដំណើរបានចំនួន ៤នាក់ និងអ្នកបើកបរម្នាក់ទៀត ដោយវាត្រៀមខ្លួនរួចរាល់ ក្នុងការដាក់ដំណើរការនៅឆ្នាំ ២០២៨៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner