Honda បង្ហាញគំរូរថយន្តអគ្គិសនីពេលអនាគត ត្រៀមវាយលុកទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦
ឡាស់ វេហ្កាស់៖ ក្រុមហ៊ុន Honda របស់ជប៉ុន បើកបង្ហាញរថយន្តអគ្គិសនីថ្មី ដែលនឹងចាប់ផ្តើមវាយលុកទីផ្សារអន្តរជាតិនៅឆ្នាំ ២០២៦ ខណៈការបង្ហាញរថយន្តនាពេលអនាគតនេះ ធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៌គ្រឿងអេឡិចត្រូនិច Consumer Electronics Show (CES) ឆ្នាំ ២០២៤ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
លោក Shinji Aoyama ជាអនុប្រធានទីផ្សារសកលលោករបស់ក្រុមហ៊ុន Honda និយាយថា យើងបានបង្កើតរថយន្តអគ្គិសនី Honda 0 Series ជាមួយនឹងការរចនាសម្រាប់យុគសម័យថ្មី។
រថយន្តអគ្គិសនីម៉ូដែល “Saloon” នេះ បង្កើតឡើងដោយបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើប, ផ្ទៃខាងក្នុងធំទូលាយ និងរូបរាងរលើបរលោង, ភាពជឿនលឿនថ្មីក្នុងការរចនា, ការបើកបរដោយស្វ័យប្រវត្តិ, បច្ចេកវិទ្យាតភ្ជាប់ និងប្រសិទ្ធភាពថាមពលថ្ម។
ក្រុមហ៊ុន Honda គ្រោងនឹងចែកចាយរថយន្តអគ្គិសនីនេះ វាយលុកទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦។
សូមរម្លឹកថា កាលពីបីឆ្នាំមុន ក្រុមហ៊ុន Honda បានកំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការលក់រថយន្តអគ្គិសនីឱ្យបាន ១០០ភាគរយនៅឆ្នាំ ២០៤០។
ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុនមួយនេះ ក៏កំពុងធ្វើការជាមួយក្រុមហ៊ុន auto titan General Motors របស់សហរដ្ឋអាមេរិក លើសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរផងដែរ។ យោងតាមផែនការដែលបានប្រកាសកាលពីខែតុលា រថយន្តតាក់ស៊ីគ្មានអ្នកបើកបររាប់សិបគ្រឿង ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការក្នុងទីក្រុងតូក្យូ នាដើមឆ្នាំ ២០២៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា