កម្អែលភ្នំភ្លើងហូរចូលទៅក្នុងភូមិ លេបត្របាក់ផ្ទះសម្បែង នៅប្រទេសអ៊ីស្លង់

រ៉ៃក្សាវិក៖ អាជ្ញាធរប្រទេសអ៊ីស្លង់បាននិយាយ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍ថា កម្អែភ្នំភ្លើងបានហូរចេញពីភ្នំភ្លើងដែលបានផ្ទុះ នៅជិតកំពង់ផែនេសាទ ស្ថិតក្នុងទីក្រុង Grindavik។ ការណ៍នេះបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន។

ហេតុការណ៍នេះបានកើតឡើង ក្រោយពេលអ្នកភូមិនៅទីនោះ ត្រូវបានគេជម្លៀសទៅកាន់ទីសុវត្ថិភាព ដោយសារតែការផ្ទុះភ្នំភ្លើងនេះ។ ការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាត្លង់តិចខាងជើងមួយនេះ បានកើតមានឡើង ជាលើកទី៥ហើយ ក្នុងរយៈពេលមិនដល់បីឆ្នាំផង។

អាជ្ញាធរបានអះអាងថា ផ្ទះសម្បែងរបស់អ្នកស្រុកចំនួន៣ខ្នង ត្រូវបានឆាបឆេះ ដោយសារតែកម្អែភ្នំភ្លើង ដែលហូរចេញពីភ្នំ។ ទូរទស្សន៍រដ្ឋ RUV បានផ្សាយផ្ទាល់ នូវព្រឹត្តិការណ៍លំហូរនៃកម្អែភ្នំភ្លើងនេះ។

អ្នកភូមិម្នាក់រស់នៅក្នុងទីក្រុង Grindavik ឈ្មោះថា Sveinn Ari Gudjonsson បានប្រាប់ថា «នៅក្នុងភូមិតួចមួយបែបនេះ ពួកយើងដូចជាគ្រួសារតែមួយ ពួកយើងទាំងអស់គ្នា រាប់អានគ្នា ជាគ្រួសារតែមួយ»។

បុរសមានវ័យ ៥៥ឆ្នាំ ដែលជាអ្នកនេសាទ រូបនេះ បានរៀបរាប់បន្ថែមទាំងរន្ធត់ចិត្តទៀតថា «វាជារឿងមិនពិតទេ វាដូចជា ការមើលកុន អ៊ីចឹង»។

គួរបញ្ជាក់ថា ភាគច្រើននៃចំនួនប្រជាជនសរុប ក្នុងទីក្រុង Grindavik ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ ទីក្រុងមួយនេះមានចំនួនប្រជាជនរស់នៅ សរុប ចំនួន ៤០០០នាក់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកវិទ្យាសាស្ត្រធ្លាប់បានព្រមានថា ទំនប់ «ម៉ាក់ម៉ា» មួយកំពុងមានភាពប្រែប្រួល នៅខាងក្រោមភ្នំភ្លើង។ នៅពេលនោះ មានការរញ្ជួយតិចៗ ជាបន្តបន្ទាប់ ដោយពេលខ្លះ ក្នុងមួយថ្ងៃ មានការញ្ជួយដល់ទៅ១០០ដង ហើយធ្វើឲ្យមានស្នាមប្រេះធំ នៅតាមដងផ្លូវ លំនៅដ្ឋាន និងអគារផ្សេងៗ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner