ភ្លៀងខ្លាំងពេញមួយយប់ ស្លាប់មនុស្ស ៩នាក់ នៅក្រុង Rio de Janeiro របស់ប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ មនុស្សយ៉ាងតិចណាស់ ចំនួន៩នាក់បានស្លាប់ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍។

ក្រុមមន្ត្រីបាននិយាយថា ផ្លូវនានារបស់ទីក្រុង Rio de Janeiro បានប្រែក្លាយទៅជាទឹកទន្លេ ហើយមន្ទីរពេទ្យត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

ប្រភពបានបន្តថា ភ្លៀងធ្លាក់ពេញមួយយប់ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ និងម្នាក់ទៀតតែបាត់ខ្លួន។

លោក Alexandro Gomes ដែលជាអ្នកសាងសង់ឥដ្ឋ បាននិយាយថា «ជារៀងរាល់ឆ្នាំ គឺវាដូចគ្នានៅពេលមានភ្លៀងធ្លាក់បែបនេះ វាពេញហើយក្លាយជាអាងហែលទឹក បឹង ពិតប្រាកដ»។

គួរបញ្ជាក់ថា ទឹកភ្លៀងបានឈានដល់កម្រិតធ្ងន់ធ្ងរ នៅតំបន់ភាគខាងជើង នៃទីក្រុង Rio de Janeiro និងទីក្រុងក្បែរខាង។ ទីកន្លែងទាំងនេះគឺជាតំបន់ទីប្រជុំជន ហើយការធ្លាក់ភ្លៀងនេះបានធ្វើឲ្យមានការរអិលបាក់ដី គ្រោះថ្នាក់ និងការឆក់អគ្គិសនី ដែលនាំឲ្យស្លាប់មនុស្ស។ ក្រៅពីការស្លាប់មនុស្សជិត១០នាក់ ស្ត្រីម្នាក់ផ្សេងទៀត ត្រូវបានគេដឹងថា បានបាត់ខ្លួន ពេលកំពុងធ្វើដំណើរតាមរថយន្តរបស់ខ្លួន ហើយអាជ្ញាធរកំពុងស្វែងរក។

ការខូចខាត ដែលបង្កឡើងដោយសារទឹកជំនន់នេះ ត្រូវបានអភិបាលក្រុង Rio de Janeiro លោក Eduardo Paes ប្រកាសថា ជាស្ថានភាពអាសន្ន ដែលបង្ខំចិត្តឲ្យមានការបិទផ្លូវ ទំាងយប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner