សម្តេចក្រឡាហោម ស ខេង ៖ សង្ឃឹមខ្ពស់ គណៈកម្មាធិការប្រតិបត្តិថ្មីបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យមានប្រសិទ្ធភាព និងជោគជ័យថ្មី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត និងជាប្រធាន កិត្តិយសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ថា ៖«ផ្អែកតាមលទ្ធផលនៃអង្គមហាសន្និបាតសង្ឃឹមថា គណៈកម្មាធិការ ប្រតិបត្តិថ្មី នឹងបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗថែមទៀត» ។ នេះជាការប្រសាសន៍របស់ សម្តេច ក្រឡាហោម ស ខេង នៅក្នុងឱកាសបិទមហាមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆាំ្ន២០២៤-២០២៨របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។
សម្តេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានដ៏ឧត្តុងឧត្តមរបស់សមាជិក សមាជិកា នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិ ចាស់ ដើម្បីបន្តអាណត្តិថ្មីខាងមុខ។ «សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិកៈរបស់ សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់ អង្គការ សង្គមមួយទទួលបានការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ ពីអង្គការកីឡាអន្តរជាតិផងដែរ»។
សម្ដេចក្រឡាហោម ស ខេង ប្រធានអង្គមហាសន្និបាតមានប្រសាសន៍ថា បន្ទាប់ពីបាន ស្ដាប់ចប់សព្វគ្រប់មក ថ្ងៃនេះពោរពេញទៅដោយ បរិយាកាស សប្បាយរីករាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដំណើរការមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងឈានបន្ត អាណត្តិ ទី៥ (២០២៤-២០២៨របស់ខ្លួន ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ខ្ពស់ តាមកម្មវិធីដែលបានគ្រោងទុក។
អង្គមហាសន្និបាតពិភាក្សាផ្តល់យោបល់ និងបានអនុម័ត៖ ១-អនុម័តលើ របាយការណ៍ សកម្មភាពរបស់សហព័ន្ធក្នុងអាណត្តិកន្លងមក និងបានឯកភាព លើទិសដៅយុទ្ធសាស្ត្រសំខាន់ៗទៅបន្តអាណត្តិថ្មី។ ២-អនុម័តលើរបាយការណ៍ ហិរញ្ញវត្ថុ និងបង្ហាញពីសម្បត្តិរបស់សហព័ន្ធ។ ៣-អនុម័តការធ្វើវិសោធនកម្ម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២៤ ដល់២០២៨។ ៤-អនុម័ត និងផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈ កម្មាធិ ការប្រតិបត្តិថ្មី ។ ផ្អែកតាមលទ្ធផលនេះ អង្គមហាសន្និបាតសង្ឃឹមថា គណៈកម្មាធិ កា រប្រតិបត្តិថ្មី និងបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឲ្យកាន់តែមាន ប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗថែមទៀត។
ចំពោះថ្នាក់ដឹកនាំកិត្តិយសរបស់សហព័ន្ធ គឺសម្តេចក្រឡាហោម ស ខេង អតីតប្រធានសហព័ន្ធអាណត្តិចាស់ ជាប្រធានកិត្តិយស អមដោយអនុប្រធាន កិត្តិយសចំនួន២រូប គឺឯកឧត្តម នាយឧត្តមនារី ទៀ វិញ និងលោក ព្រហ្ម ម៉ាញ។ ចំពោះសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៨ មានចំនួន ៤១រូប ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ និងអមដោយអនុ ប្រ ធាន ចំនួន៥រូប រួមមាន៖ ឯកឧត្តម ឃួង ស្រេង, ឯកឧត្តម គង់ សោភ័ណ្ឌ, ឯកឧត្តម ទៀ សុខា, ឯកឧត្តម ឯម ម៉ាអូរី និងឯកឧត្តម យិត ភីរៈ។
ចំពោះឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការ អមដោយអគ្គលេខាធិការ រងចំនួន៦រូប។ កញ្ញា មាស តឿ អគ្គហេរញ្ញិក អមដោយអគ្គហេរញ្ញិក២រូប គឺកញ្ញា សួង ចាន់តូរ៉ាទី និងកញ្ញា គួយ ស៊ីវឡេង។ ចំពោះឯកឧត្តម លោកជំទាវជាអភិបាល នៃគណៈអភិបាលខេត្តចំនួន២៣ខេត្តគឺជាសមាជិក៕
ដោយ ៖ ជាវ ចន្ធូ







