កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ចុងក្រោយបំផុត
ព្យុងយ៉ាង៖ កូរ៉េខាងជើងបានអះអាង នៅថ្ងៃចន្ទ ទី១៥ ខែមករាថា ខ្លួនទើបបានបាញ់សាកល្បង នូវកាំជ្រួចផ្លោងថ្មី មានក្បាលគ្រាប់ ដែលអាចបញ្ជាបានលឿនជាងសំឡេង។
កូរ៉េខាងជើងបានឲ្យដឹងថា មីស៊ីលនេះជារបកគំហើញចុងក្រោយបំផុត ក្នុងការស្វែងរកអាវុធទំនើបរបស់ខ្លួន ដើម្បីគំរាមកំហែងដល់សត្រូវ ដែលគេដឹងថា សំដៅដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
សម្រាប់ឆ្នាំ២០២៤ នេះគឺជាការបាញ់បង្ហោះសាកល្បងមីស៊ីល ជាលើកដំបូង របស់ទីក្រុងព្យុងយ៉ាង។ វាក៏ត្រូវបានដឹងថា ជាការសាកល្បងលើកដំបូងបំផុត ដែលមិនធ្លាប់មានពីមុនមក នូវប្រភេទ មីស៊ីលផ្លោង រយៈចម្ងាយមធ្យមលឿនជាងសំឡេង ហៅកាត់ថា IRBM។
យោធាកូរ៉េខាងត្បូងបានរកឃើញការបាញ់សាកល្បង មីស៊ីល IRBM ប្រភេទនេះ កាលពីរសៀល ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន។
របាយការណ៍ខ្លីមួយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បាននិយាយថា IRMB ជាប្រភេទមីស៊ីលដែលប្រើឥន្ធនៈរឹង។ មីស៊ីលប្រើឥន្ធនៈរឹង ត្រូវបានគេដឹងថា មិនចាំបាច់ចាក់សាំង ឬប្រេង មុននឹងបាញ់ចេញនោះទេ ដែលនេះធ្វើឱ្យវាអាចបាញ់ចេញភ្លាមៗ ធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា និងបាញ់កម្ទេច។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងទៀតថា ការធ្វើតេស្តនេះគឺមានគោលបំណងដើម្បីផ្ទៀងផ្ទាត់ «លក្ខណៈនៃការរអិល និងធ្វើចលនា» នៃក្បាលគ្រាប់ និង «ភាពជឿជាក់នៃម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ ច្រើនដំណាក់កាល ដែលបានអភិវឌ្ឍថ្មី»។
KCNA បានបញ្ជាក់ថា ការបាញ់បង្ហោះ កាលពីថ្ងៃអាទិត្យ «មិនប៉ះពាល់ដល់សន្តិសុខនៃប្រទេសជិតខាងណាមួយឡើយ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយស្ថានភាព ក្នុងតំបន់ទេ»។
ប៉ុន្តែការបាញ់នេះបានកើតមានឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនសមុទ្រដ៏តានតឹង ជាមួយកូរ៉េខាងត្បូង។ សមយុទ្ធនេះបានជំរុញឱ្យមានសមយុទ្ធប្រឆាំងមកវិញ ហើយកូរ៉េខាងត្បូងបានបញ្ជាឲ្យជម្លៀស ប្រជាពលរដ្ឋ រស់នៅលើកោះមួយចំនួន នៅជាប់ព្រំដែន រវាងប្រទេសទាំងពីរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត