ឯកឧត្តម លី ច័ន្ទតុលា៖ អង្គភាពមានសាមគ្គីភាពផ្ទៃក្នុងល្អ នោះការបំពេញកិច្ចការងារក៏មានប្រសិទ្ធភាពដែរ

ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា អង្គភាពយើងមានសាមគ្គីភាពផ្ទៃក្នុងល្អ នោះការបំពេញកិច្ចការងារ ក៏មានប្រសិទ្ធភាពដែរ។ ភ្ជាប់ជាមួយនឹងកិច្ចប្រជុំការងារនេះផងដែរ ឯកឧត្តម លី ច័ន្ទតុលា បានគូសបញ្ជាក់ថា បើទោះបីឆ្នាំនេះជាឆ្នាំ ឬអាណត្តិចុងក្រោយ របស់ ឯកឧត្តមជាប្រធានគណៈមេធាវី នៃព្រះរាជាណចក្រកម្ពុជា ក៏ពិតមែនប៉ុន្តែមិនមែនបានន័យថា យើងលែងដៃ ឆកល្វែងនៅក្នុងការងារនោះទេ អ្វីដែលជាការបំពេញការងារបានល្អ ប្រកបដោយប្រសិទ្ធភាពមកហើយ គឺត្រូវបន្តទៅមុខ ដោយត្រូវពង្រឹងកែលំអបន្ថែមទៀត ទាំងអស់នេះ គឺជាស្មារតីមួយដើម្បីយើងទាំងអស់គ្នា និងដើម្បីពង្រឹងនូវកេរ្តិ៍ឈ្មោះរបស់គណៈមេធាវី កម្ពុជា។

ការលើកឡើងរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ និងធ្វើដំណើរទស្សនកិច្ចប្រចាំឆ្នាំ នៅខេត្តកំពត ដែលមានការចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងបុគ្គលិកក្រុមហ៊ុន មេធាវី SVP ដែលជាការបង្ហាញពី ការគាំទ្រសកម្មភាព ក៏ដូចជាពង្រឹងកិច្ចការងារផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមប្រធានគណៈមេធាវី បន្ថែមទៀតថា រយៈពេល៣ឆ្នាំមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់សហភាតា មេធាវី ដែលទទួលបាន មកពីកិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ដែលបានសហការគ្នា ពួតដៃគ្នា នៅក្នុងការថែរក្សា ពន្លឿននូវគុណភាពនៃសេវា ក៏ដូចជាការងារនៃគណៈមេធាវី ចំពោះមេធាវី ក៏ដូចជាសាធារណជន។

នៅក្នុងឱកាសនេះ ឯកឧត្តម លី ច័ន្ទតុលា បានជំរុញដល់ បុគ្គលិកគណៈមេធាវី ត្រូវបន្តនិរន្តរភាពការងារ ដោយត្រូវ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ស្នាដៃ របៀបរបប ពង្រឹងសាមគ្គីភាព សម្រាប់បន្តទៅមុខទៀត។ តាមរយៈការលើកឡើង នៅក្នុងកិច្ចប្រជុំ និងដំណើរកំសាន្តនេះផងដែរ ឯកឧត្តម បានជំរុញឱ្យមានការកត់ត្រានូវ រាល់ការលើកឡើង ពីគ្រប់នាយកដ្ឋាន ទាំងអស់ ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដើម្បីដាក់ចេញជា ផែនការសកម្មភាពបន្តទៀតផងដែរ ។

ជាមួយនឹងកិច្ចប្រជុំប្រចាំឆ្នាំ និងដំណើរកំសាន្ត របស់បុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពត នេះផងដែរ ក៏មានរៀបចំ ការជិះម៉ូតូទឹក និងជិះទូកកាយ៉ាក់ ព្រមទាំងលេងល្បែងកំសាន្ត ដែលរួមមាន វិញ្ញាសារ ដើរគៀបប៉េងប៉ោង បង្វិលកងជុំគ្នា លោតបោវ បំបែកប៉េងប៉ោង បិទភ្នែកចាក់ទឹក លោតអន្ទាក់ ផងដែរ។ ក្រៅពីនេះ ក៏មានការពិសារអាហារសាមគ្គី ការចាប់រង្វាន់ ព្រមទាំងកម្មវិធីប្រកបដោយអត្ថន័យ និងសប្បាយៗ ជាច្រើនទៀតផងដែរ។

គួររំលឹកផងដែរថា កិច្ចប្រជុំប្រចាំឆ្នាំ និងដំណើរកំសាន្តរបស់បុគ្គលិកគណៈមេធាវី នៅខេត្តកំពត រយៈពេល៣ថ្ងៃ ក្នុងគោលបំណង ដើម្បីបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំ និងបុគ្គលិករបស់គណ:មេធាវី ។ ឯកឧត្តម ប្រធាន បានសំណូមពរ ឱ្យបុគ្គលិកទាំងអស់ខិតខំប្រឹងប្រែង បន្តធ្វើការងារឱ្យបានឆាប់រហ័សបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់សហភាតាមេធាវី និងដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវ:មេធាវី ហើយកិច្ចប្រជុំប្រចាំឆ្នាំ និងដំណើរកំសាន្តរបស់គណ:មេធាវីនេះ ប្រព្រឹត្តទៅដោយជោគជ័យ រីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner