ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន ល្អប្រសើរ

(ទីក្រុងប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្នុងជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។

លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរ និងដំណើរវិវឌ្ឍន៍នៃ
វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។

លោកស្រី បានបន្ថែមថាក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាព និងកិត្យានុភាពនៃប្រទេសកម្ពុជា។

លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការ អាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយ នូវវប្បធម៌ និងភាពល្អឥតខ្ចោះ នៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រី Maud BAILLY ព្រមទាំងសហការី និងបានអរគុណ ចំពោះ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែម ទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាព នៃវិស័យទេសចរណ៍បន្តងើបឡើងវិញ ។

សូមជម្រាបថា Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង ៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner