សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោស លោកថេង សាវឿន និងបក្ខពួក ដាក់ពន្ធនាគារ៥ឆ្នាំ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានធ្វើការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក ញ៉ិល ភាព មន្ត្រីផ្នែកសម្របសម្រួល, លោក ថាន់ ហាច និងលោក ចាន់ វិបុល ក្នុងម្នាក់៥ឆ្នាំ អំពីបទល្មើស«រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពីបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែទោសត្រូវបានព្យួរ។

ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរី បើកសវនាការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយសំអាងពួកគេបានប្រព្រឹត្តិបទល្មើសក្នុងសិក្ខាសាលាកសាងសមត្ថភាពដល់បុគ្គលិកសមាគម កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រី សង្កាត់យក្សលោម ក្រុងបាឡុង ខេត្តរតនគិរី ទៅតាមក្រមព្រហ្មទណ្ឌមាត្រា៤៥៣ និងមាត្រា៤៩៥។

លោក ថេង សាវឿន និងបក្ខពួកនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតីវិធីទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្តរតនគិរី។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការបានសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តែទោះជាយ៉ាងណាតំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឲ្យពិចារណាផងដែរទៅលើទោស និងស្នើឱ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង៣ កំឡុងពេលដាក់ឱ្យនៅក្រៅឃុំ គឺនិងស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញា ពួកគាត់បានអនុវត្តតាមវិធាន និងគោលការណ៍របស់អយ្យការបានយ៉ាងល្អប្រសើរហាក់មិនមានបញ្ហាណាមួយគួរឲ្យកត់សម្គាល់នោះឡើយ។

សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា (CCFC) និងបក្ខពួកចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមនុស្ស៣នាក់ ដែលជាមេក្លោងទទួលខុសត្រូវរួមមាន៖ ១-ឈ្មោះ ថេង សាវឿន ភេទប្រុស ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) ២-ឈ្មោះ ញិល ភាព មន្រ្តីសមាគម ៣-ឈ្មោះ ថាន់ ហាច មន្រ្តីសមាគម។

គួរបញ្ជាក់ថា មេខ្លោងបំផុសបដិវត្តន៍កសិករ៣នាក់ រួមមាន ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក២នាក់ទៀត ឈ្មោះ ថាន់ ហាច និង ញ៉ិល ភាព ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយមានការស្រាវជ្រាវ និងសួរចម្លើយពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹង ថេង សាវឿន និងបក្ខពួកដោយសាតែពួកគេមានគោលដៅនយោបាយ និងមានចេតនាញុះញង់បំបះបំបោរកសិករ ឱ្យងើប បះបោរ បង្កចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព៕
ដោយ៖ពលជ័យ

ads banner