សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការ នៃអង្គការ អន្តរជាតិហ្រ្វង់កូហ្វូនី
(ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួប ជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរ ទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេស បារាំង ។

អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមា ជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋ ជាអ្នកសង្កេត ការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយ ភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជា ក៏ជាសមាជិករបស់អង្គការ អន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។

បេសកកម្មរបស់ Francophonie គឺដើម្បី៖ (១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, (២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, (៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សា និងស្រាវជ្រាវ, (៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកប ដោយចីរភាព និង សាមគ្គីភាព ៕
ដោយ ៖ វណ្ណលុក



