ខឿនព្រះលានជល់ដំរី ត្រូវបានជួសជុល តាមរយៈមូលនិធិ បេតិកភណ្ឌ កូរ៉េខាងត្បូង

សៀមរាប៖ នៅខេត្តសៀមរាប ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ឬកយកា (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរ ការជួសជុលរចនាសម្ព័ន្ធមួយ ចំនួនរបស់ព្រះលាន ជល់ដំរី ដែលរងការ ខូច ខាតឱ្យប្រសើរឡើងវិញ។

អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក ផាក ជីមីន (PARK JIMIN) បាននិយាយថា ការជួសជុលព្រះលានជល់ ដំរីកំពុងធ្វើនៅទី តាំងចំនួនពីរផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើងប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង១៥ ម៉ែត្រ។ ក្នុងដំណើរការ ជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនា សម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្នុង និង ខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយ ឱ្យល្អឡើងវិញទៅតាម ទម្រង់ដើម។

លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំង ទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំង បានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាល មកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាង ក្រោមធ្វើឱ្យគ្រឹះខាងក្រោម បាតបង់លំនឹង។

លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិ អប្សរា មានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះ ជញ្ជាំង ស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមាន កន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជា ហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។

បើយោងតាមប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ជាច្រើនខែមក នេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿន មួយ ផ្នែកដែល ក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀប ថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែង ដើមឡើងវិញហើយ ចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ។ប៉ុន្តែបើនៅតែមិន អាចជួសជុលបានទេ គឺត្រូវដាក់ថ្ម ថ្មី តិចតួចដើម្បីជំនួស៕
ដោយ៖ ស៊ាន សុផាត

ads banner