វគ្គបំប៉នស្តីពីការផ្ទេរក្រេឌីត ដើម្បីយល់ដឹងពីនិតិវិធីដំឡើងគុណវុឌ្ឍិគ្រូបង្រៀនទៅជាគ្រូបង្រៀនកម្រិតបរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀន
ភ្នំពេញ៖ សិក្ខាកាមជាគ្រូឧទ្ទេស និងមន្រ្តីការិយាល័យចំនួន២២រូបរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានចូលរួមវគ្គបំប៉ន ពីអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស តាមរយៈសិក្ខាសាលា ការផ្ទេរក្រឌីត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
លោក Nishiyama Naoki អគ្គលេខាធិការ នៃអង្គការក្រៅរដ្ឋាភិបាលរ បេះដូងមាស ប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលា ការផ្ទេរក្រឌីត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលអង្គការក្រៅរដ្ឋាភិបាល បេះមាស បានរៀបចំឡើងរយៈពេល២ថ្ងៃ ក្នុងគោលបំណង បណ្តុះបណ្តាលសិក្ខាកាមឱ្យយល់ដឹងពីនិតិវិធីនៃការដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយដែលមានសញ្ញាបត្រកម្រិតមូលដ្ឋានឱ្យក្លាយជាគ្រូបង្រៀនកម្រិតបរិញ្ញាបត្រ និងព្រៀងនូវសេចក្តីប្រកាស ក៏ដូចជាក្របខណ្ឌកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រ ឯកទេសអប់រំកាយ ។
លោក អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមដែលជាសមាជិកអនុគណៈកម្មការជ្រោមជ្រែងការបញ្ចប់ការសិក្សា បានចងក្រងនូវសេចក្តីព្រៀងប្រកាស ព្រមទាំងក្របខ័ណ្ឌកម្មវិធីសិក្សាដោយមានការពិភាក្សា និងសម្រេចនូវសេចក្តីព្រៀងចុងក្រោយ រួចស្នើបញ្ជូនទៅកាន់ការិយាល័យ និងនាយកដ្ឋានពាក់ព័ន្ធរហូតដល់ឧបនាយករដ្ឋមន្រ្តី ដើម្បីទទួលបានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ។
លោក ដៀន វិបុល ប្រធានការិយាល័យរដ្ឋបាល នៃវិទ្យានជាតិអប់រំកាយ និងកីឡា ដែលជាសិក្ខាកាមមួយរូបបានលើកឡើងថា ឆ្លងកាត់សិក្ខាសាលារយៈពេល២ថ្ងៃ លោកទទួលបាននូវចំណុចសំខាន់ៗធំ២ គឺទី១. ទទួលបានការពិភាក្សាគ្នាស្តីពីការព្រៀងសេចក្តីប្រកាសការដំឡើងគុណវុឌ្ឍិគ្រូបង្រៀនសញ្ញាបត្រកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាទៅជាគ្រូបង្រៀនឯកទេសកម្រិតបរិញ្ញាបត្រ និងទី២. ពិភាក្សាគ្នាទៅលើការរៀបចំក្របខណ្ឌកម្មវិធីសិក្សាធ្វើយ៉ាងណាដំឡើងគុណវុឌ្ឍិគ្រូអប់រំកាយ និងកីឡា ។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងថា សិក្ខាសាលា ការផ្ទេរក្រេឌីតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាសនេះ នឹងរួមចំណែកអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដល់គ្រូឧទ្ទេស និងមន្រ្តីការិយាល័យ លើការផ្ទេរក្រេឌីត។
ឯកឧត្តម សង្ឈឹមជឿជាក់ថា ការទទួលបាននូវពុទ្ធិបន្ថែម ពីអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងទទួលបានការវាយតម្លៃពី គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាដែលមានការអប់រំបណ្តុះបណ្តាលស្នើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗផងដែរ។
ឯកឧត្តម សូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះរបាយការណ៍របស់គណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងអង្គការក្រៅរដ្ឋាភិ បាលបេះដូងមាស ដែលបានចូលរួម និងសហការយ៉ាងល្អប្រសើរធ្វើឱ្យដំណើរការវគ្គសិក្ខាសាលាបញ្ចប់ដោយ រលូន និងទទួលលទ្ធផលល្អប្រសើរ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ





