រដ្ឋសភា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) បានឯកភាពគ្នាថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»។ ការឯកភាពគ្នានេះ នៅក្នុងជំនួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោកស្រី Rouieda El Hage បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និងសហការី។ លោកស្រី បានអបអរសាទរ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ ហើយបានបញ្ជាក់ថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានរដ្ឋសភានេះ ជាជោគជ័យមួយនៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាផងដែរ។ លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង UNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ជាពិសេសគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានទទួលជួប លោកស្រី Rouieda El Hage និងសហការី ដោយផ្ទាល់នាពេលនេះ។ សម្តេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណចំពោះ UNHCHR ដែលបានរួមចំណែកក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា មានឆន្ទះយ៉ាងមុះមុតក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដែលជាសិទ្ធិសកលរបស់ពលរដ្ឋ។ សម្តេចបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនានិងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនានាដែលលើកស្ទួយដល់សិទ្ធិមនុស្សធំៗ បានចំនួន៨។ រដ្ឋសភាកម្ពុជាមានគណៈកម្មការទទួលបន្ទុកវិស័យ សិទ្ធិមនុស្ស ដែលធ្វើការជិតស្និទ្ធ ជាមួយពលរដ្ឋ ដែលនៅសភាបណ្តាប្រទេសជាច្រើនលើសកលលោក ពុំមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សឡើយ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើដំណាក់កាលនៃការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តតាមរយៈសំឡេងឆ្នោតរបស់ពលរដ្ឋ។ ការបោះឆ្នោត ដោយសន្តិវិធី គ្មានអំពើហិង្សា កាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដែលមាន១៨គណបក្សនយោបាយ បានចូលរួមប្រកួតប្រជែង ហើយពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ នៅក្នុងរដ្ឋសភា រីឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ហើយក្នុងអាណត្តិទី៧នេះ បានចាត់ទុកមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របញ្ចកោណ៖ គឺអភិបាលកិច្ចល្អ។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

