ក្រុមហ៊ុន Wilmar International Group ស្វែងរកឱកាសបណ្តាក់ទុនក្នុងកម្ពុជា (Video Inside)
ប្រធានក្រុមហ៊ុន Wilmar International Group ដែលមានជំនាញកសិកម្មឈានមុខនៅអាស៊ី បានស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសស្វីស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងស្ថិតក្នុងប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក WEF ឆ្នាំ២០២៤។
ក្រុមហ៊ុន Wilmar International Group ដែលបង្កើនក្នុងឆ្នាំ២០១១ គឺជាក្រុមហ៊ុនកែច្នៃ និងវិនិយោគអាហាររបស់ប្រទេសសឹង្ហបុរី ដែលមានក្រុមហ៊ុនសម្ព័ន្ធជាង៣០០កន្លែង។
អគ្គនាយកក្រុមហ៊ុន Wilmar International Group លោក គួក ឃុន ហុង Kuok Khoon Hong ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៦មករា បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធានអគ្គនាយក និងបានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។