ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ផងនោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យមានប្រជាជនដែលមានចំណេះដឹងខ្ពស់ ។

បើតាម ឯកឧត្តម វង្សី វិស្សុត ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត បន្តទៀតថា សន្តិភាព និងការអភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយ ទើប ជំរុញឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បី ឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នាអំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព ៕

ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner