សកម្មជនប្រឆាំងការរំលូតកូនដើរក្បួនតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ទោះបីមានព្រិលធ្លាក់ខ្លាំងក៏ដោយ
MC.វ៉ាស៊ីនតោន៖ ក្រុមបាតុករប្រឆាំងការរំលូតកូនរាប់ពាន់នាក់ ក្នុងថ្ងៃសុក្រទី១៩ ខែមករានេះ ដើរក្បួនតវ៉ាឆ្លងកាត់ទីក្រុងវ៉ាស៊ីនតោន បើទោះជាមានព្រិលធ្លាក់ក៏ដោយ ហើយបានព្រមានបក្សសាធារណរដ្ឋថា បញ្ហារសើបផ្នែកសុខភាពបន្តពូជនេះ នឹងមានទម្ងន់ធ្ងន់លើការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា។
Read. ក្រុមបាតុករប្រឆាំងការរំលូតកូន ដែលភាគច្រើនជាមនុស្សពេញវ័យ បានស្រែកច្រៀងថា “ការរំលូតកូនគឺជាឃាតកម្ម” នៅពេលពួកគេដើរក្បួនឆ្លងកាត់វិមាន Capitol Hill, តុលាការកំពូល និងទីលាន Capitol របស់សហរដ្ឋអាមេរិក។ ក្នុងចំណោមសកម្មជនទាំងនោះ អ្នកខ្លះកាន់ឈើឆ្កាង ឬរូបភាពសាសនា និងបានជំរុញជនជាតិអាមេរិកឱ្យ “បង្កើតកូនបន្ថែមទៀត”។ ក្បួនតវ៉ានេះ ធ្វើឡើងនៅពេលដែលការការពារសិទ្ធិរំលូតកូន កំពុងក្លាយជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់គណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន។
សិទ្ធិរំលូតកូន គឺជាប្រធានបទដែលមិនអាចជៀសវាងបាន នៃយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ ហើយអនុប្រធានរបស់លោក ចូ បៃដិន គឺលោកស្រី ខាម៉ាឡា ហារីស កំពុងចាប់ផ្តើមដំណើរទេសចរណ៍ទូទាំងប្រទេស ដើម្បីការពារជម្រើសសិទ្ធិបន្តពូជ។ លោកស្រីនឹងធ្វើដំណើរទៅកាន់រដ្ឋ Wisconsin នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
ចលនាតវ៉ាដែលពណ៌នាខ្លួនឯងថា ជា “អ្នកគាំទ្រជីវិត” ឬ “pro-life” បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រកាលពីខែមិថុនា ឆ្នាំ២០២២ នៅពេលដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយក្រុមអភិរក្សនិយមបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ Roe v Wade ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ។
ការសម្រេចនោះ ធ្វើឱ្យរដ្ឋ និងដែនដីសហរដ្ឋអាមេរិកមានសេរីភាព ក្នុងការអនុម័តច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណា ការស្ទង់មតិម្តងហើយម្តងទៀតបានបង្ហាញយ៉ាងច្បាស់ថា ជនជាតិអាមេរិកភាគច្រើននៅតែបន្តគាំទ្រការទទួលបានសិទ្ធិរំលូតកូនដោយសុវត្ថិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-48-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-43-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-04-03-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-55-1024x664.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-20_10-03-50-1024x682.jpg)