រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រគម្រោងពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ស្កត ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៦ មករា នៅទីស្តីការក្រសួង ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក ស្កត ម៉ូរីស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ក្នុងគោល បំណង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច អស់រយៈពេលជាង ៣០ឆ្នាំកន្លងទៅ, ជាពិសេស ADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣” ។
លោក ស្កត ម៉ូរីស បានថ្លែងកោតសរសើរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនេះ និងបានថ្លែងអបអរសាទរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងបន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB ក្នុងនីតិ- កាលទី ៧ នៃរដ្ឋសភា ។ លោក ស្កត ម៉ូរីស ក៏បានគូសរំលេចឡើងវិញ នូវការប្តេជ្ញាចិត្ត របស់ ADB ក្នុងការបន្តជួយ កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សុភវិនិច្ឆ័យរបស់លោក ស្កត ម៉ូរីស និងបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឆ្លាតវៃ និងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធ- សាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយផ្តោតលើអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ឌីជីថល និងមានគោលដៅយុទ្ធសាស្រ្តចំនួន ៥ គឺ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយឆ្នាំ, ការ បង្កើនការងារ (ទាំងបរិមាណ និងគុណភាព), ការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការ អភិវឌ្ឍសង្គមជាតិ និងការកសាងភាពធន់ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ADB សម្រាប់ការរួមចំណែក ក្នុងការ គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនេះជារបៀបវារៈមួយនៃយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី ១ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ ADB បន្ត គាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពមួយចំនួន មានជាអាទិ៍៖ (១).ការអភិវឌ្ឍវិស័យ ថាមពល, (២).ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង, (៣).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេស លើការរៀបចំប្រព័ន្ធលូ, ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការ ស្រង់ថ្លៃដើម, ថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ, និង (៤).ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលមានសមត្ថភាពបម្រើឱ្យ មុខងារសំខាន់យ៉ាងហោច ៣ រួមមាន មុខងារគ្រប់គ្រងគ្រោះមហន្តរាយ,មុខងារស្រោចស្រពកសិកម្ម និងមុខងារជា ប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និង ការអភិវឌ្ឍវិស័យឧស្សាហកម្ម ។
ក្នុងជំនួបពិភាក្សានេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ ក៏បានថ្លែងអំណរគុណដល់ ADB ចំពោះការយកចិត្តទុកដាក់ និងការរួមចំណែក ក្នុងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដោយស្នើឱ្យ ADB គិតគូរ អំពីការជំរុញការផ្តល់ឥណទានដល់វិស័យឯកជន ក្រោមក្របខណ្ឌជា Non-Sovereign Loan ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅអាទិភាពនៃការអភិវឌ្ឍ ៕
ដោយ ៖ វ៉េង លីមហួត