ជប៉ុនជាប្រទេសជោគជ័យទី៥ ដែលបញ្ជូនយានរ៉ូបូតចុះចតលើផ្ទៃព្រះចន្ទ
តូក្យូ៖ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលជោគជ័យក្នុងការបញ្ជូនយានរ៉ូបូតទៅដាក់លើផ្ទៃឋានព្រះចន្ទ ប៉ុន្តែជោគជ័យវាសនារយៈពេលវែងរបស់យាននេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ព្រោះបញ្ហាផ្គត់ផ្គង់ថាមពល។
ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបង្ហោះយានរ៉ូបូតទៅឋានព្រះចន្ទ ចេញពីមូលដ្ឋានមជ្ឈមណ្ឌលលំហអវកាសជប៉ុន Tanegashima នៅក្នុងខេត្ត Kagoshima តាំងពីខែកញ្ញា ឆ្នាំ២០២៣។ យាននេះមានឈ្មោះថា Smart Lander for Investigating Moon ហៅកាត់ថា (SLIM) ជាប្រភេទយានអវកាសដែលពុំមានផ្ទុកអវកាសយានិកទេ។
យានរ៉ូបូត SLIM បានទៅដល់លើផ្ទៃព្រះចន្ទ នៅម៉ោង១២និង២០នាទីរំលងអាធ្រាត្រថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ហើយការទាក់ទងត្រូវបានភ្ជាប់ដោយជោគជ័យ។ យ៉ាងណាមិញ ដោយសារផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដើម្បីផលិតថាមពលហាក់មិនដំណើរការ ទីភ្នាក់ងារ JAXA បាននិយាយថា យានរ៉ូបូតនោះ ទំនងជានឹងអាចធ្វើប្រតិបត្តិការបានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។
ទោះបីជាជួបបញ្ហាក៏ដោយ ក៏ជប៉ុនបានក្លាយជាប្រទេសទី៥ ក្នុងការបញ្ជូនយានអវកាសទៅដល់លើផ្ទៃព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក ចិន និងឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា