ឥណ្ឌាចាយ ២.៣ពាន់លានដុល្លារ សង់ឧទ្យានថាមពលកកើតឡើងវិញដ៏ធំបំផុតលើពិភពលោក

ញូវដែលី៖ លោក Gautam Adani ដែលជាមហាសេដ្ឋីឥណ្ឌាលំដាប់ទីពីរលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ១៥៤ពាន់លានដុល្លារ បោះទុនដ៏ច្រើនសម្បើម សាងសង់ឧទ្យានថាមពលកកើតឡើងវិញដ៏ធំបំផុត នៅតំបន់វាលខ្សាច់តាមបណ្តោយព្រំដែនជាប់ប៉ាគីស្ថាន។

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani កំពុងសាងសង់នូវអ្វីដែលគាត់ហៅថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់” ដែលគាត់មានអំនួតថា នឹងអាចមើលឃើញសូម្បីតែពីទីអវកាស។ នៅតំបន់វាលខ្សាច់ Rann of Kutch កម្មកររាប់ពាន់នាក់កំពុងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំ និងជីកគ្រឹះសម្រាប់តម្លើងទួរប៊ីនខ្យល់។ លោក Sagar Adani ក្មួយប្រុសរបស់លោក Gautam និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adani Green Energy និយាយថា ក្រុមការងាររបស់គម្រោងកំពុងធ្វើការក្នុងល្បឿនដ៏លឿនមួយ។

នៅពេលវាបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ឧទ្យានថាមពលកកើតឡើងវិញ Khavda មានតម្លៃ ២.៣ពាន់លានដុល្លារនេះ នឹងគ្របដណ្តប់លើផ្ទៃដី ៧២៦គីឡូម៉ែត្រការ៉េ ដែលស្ទើរតែមានទំហំប៉ុនទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក។ ឧទ្យាននេះ មានសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ចំនួន ៣០ជីហ្គាវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពលដល់ផ្ទះរបស់មនុស្ស ១៨លាននាក់ ច្រើនជាងចំនួនប្រជាជនរួមបញ្ចូលគ្នានៃទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសបញ្ចេញកាបូនធំបំផុតទីបីរបស់ពិភពលោក ហើយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានឈានមុខគេ ប្រឆាំងនឹងការប្រើប្រាស់ធ្យូងថ្ម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក។ ប៉ុន្តែប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក និងសេដ្ឋកិច្ចធំដែលរីកលូតលាស់លឿនបំផុតមួយនេះ កំពុងត្រូវការថាមពលបន្ថែមទៀត៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner