រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យជប៉ុន ពិនិត្យលទ្ធភាពគ្រប់គ្រងទឹក និងការប្រើប្រាស់ ប្រព័ន្ធសូឡា ជួយដល់កសិករកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ គណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នូវគម្រោងអភិវឌ្ឍន៍នានា ដែលជប៉ុនជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគត។

ឯកឧត្តម ឌិត ទីណា បន្តថា សម្រាប់វិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា កម្ពុជាត្រូវការ ការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយម អំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងអាចជួយឱ្យកសិករចំណេញខ្ពស់ ហើយមានប្រសិទ្ធិភាពសេដ្ឋកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សូមឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គីសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំណេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធិភាពសេដ្ឋកិច្ច និងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបប្រាប់ភាគីជប៉ុនអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ ហើយធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ហើយឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញគម្រោង MIDORI ខាងលើក្លាយជាគម្រោងជោគជ័យគំរូនៅប្រទេសកម្ពុជាផងដែរ៕

ប្រភភព ៖ ក្រសួងកសិកម្ម

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner