សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយបំពេញទស្សនកិច្ច ផ្លូវការ នៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស ប្រកបដោយលទ្ធផលផ្លែផ្កា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ញើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លោស ស្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។

ដោយឡែក ចំពោះដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង របស់សម្តេចធិបតី បានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។

ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង, សម្តេចធិបតី បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាច្រើនរូប ក្នុងនោះរួមទាំង ជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង, ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងបានជួបធ្វើកិច្ចសន្ទនា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ។

ក្នុងជំនួបសន្ទនារវាងប្រធានាធិបតីបារាំង និងសម្តេចធិបតី, ភាគីបារាំង និងកម្ពុជា បានស្វាគមន៍ចំពោះសន្ទុះថ្មី ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០២២ និង ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ឥស្សរជនទាំងពីរ បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់ នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃពហុនិយមផ្នែកនយោបាយ និងការ ការពារដោយពេញ លេញនូវសិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ ភាគីទាំងពីរបានព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងក្របខ័ណ្ឌ ពហុភាគី។ តួនាទីដ៏សំខាន់របស់សង្គមស៊ីវិល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសកល ក៏ ត្រូវបានទទួលស្គាល់ផងដែរ។ ជារួមភាគីបារាំងនិងកម្ពុជា បានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវ ភាពជាដៃគូយុទ្ធសាស្ត្រ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ។

ក្រៅពីជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលបារាំង, សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ក្នុងន័យដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ដោយជាលទ្ធផល មានក្រុមហ៊ុនជាច្រើន បានពិចារណា ក្នុងការបង្កើនការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner