រដ្ឋមន្ត្រីវប្បធម៌ ៖ ការប្រឹងប្រែងថែរក្សានិងលើកកម្ពស់ អក្សរសាស្ត្រជាតិ គឺដួងព្រលឹង នៃជនជាតិយើងទាំងអស់គ្នា

(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងជាតិ ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។ លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ នៅក្នុងបើកកម្មវិធី«សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។

លោកជំទាវ បានលើកឡើងថា ក្នុងសម័យអនានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង ។ ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជនជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រជាតិបានរហូតមកដល់ពេលនេះ ។ ដូច្នេះអក្សរជាអត្តសញ្ញាណជាតិ ។

លោកជំទាវ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ចជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា។ ដូច្នេះត្រូវរក្សាស្មារតីនេះកុំឲ្យបាត់បង់ទុកជាកេរទៅជំនាន់ក្រោយ”។

លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនូវការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឲ្យមានការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរនេះ ។ លោកជំទាវ លើកឡើងថា នេះជាការសងគុណមួយចំពោះដូនតាយើង ។

កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។

យោងតាម លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» លើកទី១នេះ បានឲ្យដឹងថា មានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់ បានដាក់ពាក្យចូលរួម។ លោកថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ ។

បេក្ខនារី ថន កេសសរ មកពីខេត្តព្រៃវែង ជានិស្សិតផ្នែកភាសាវិទ្យា ស្លៀកក្បិនយ៉ាងស្រស់សោភា ចូលរួមប្រកួតសរសេរតាមអាន”សំណេរអង្គរ” ដែលបង្ហាញពីក្តីស្រឡាញ់ទាំងអក្សរសាស្ត្រ និងប្រពៃណីដ៏ផូរផង់ របស់ជាតិ ។

ការប្រឡងក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។

«សំណេរអង្គរ» លើកទី១នេះ មានបេក្ខជនចូលរួមប្រកួតជាង ៨០០អង្គ/នាក់ បានដាក់ពាក្យចូលរួម ៕

ដោយ ស៊ាន សុផាត

ads banner