គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អបអរសាទរលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការនៅបារាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងជុំវិញលទ្ធផលដ៏ល្អត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅ វិមានអេលីហ្សេ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានមើលឃើញថា សម្តេចធិបតី គឺជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ នេះសរបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មី នៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្រ រវាងកម្ពុជានិងបារាំង ក្នុងរយៈពេលជាង១៨០ឆ្នាំ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើន នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូរយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅ នៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋនិងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់យ៉ាងពេញទំហឹងចំពោះ សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈ ដែលកម្ពុជាទទួលបានពីបេសកកម្មរបស់សម្តេចធិបតី នៅប្រទេសបារាំង និងលទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺមេដឹកនាំចាស់ពូកែកសាងស្នាដៃ អ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម៕

ads banner