សំណេរអង្គរលើកទី១ បានប្រារព្ធនៅស្ពានហាល នៃ ប្រាសាទ អង្គរវត្ត
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា អក្សរសាស្ត្រជាតិ គឺជាដួង ព្រលឹងជាតិ ។ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់ អក្សរ សាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះ នៅតែស្ថិតស្ថេរ ជានិច្ច។ លោកជំទាវរដ្ឋមន្ត្រីលើកឡើងបែបនេះ នាពេលបើក កម្មវិធី«សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរ វត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។
លោកជំទាវ បន្តថា ក្នុងសម័យអាណានិគមបារាំង គេចង់កែប្រែ អក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង។ ប៉ុន្តែបុព្វបុរសខ្មែរ មាន ទាំង ព្រះសង្ឃ ទាំងប្រជាជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រ ជាតិបានរហូតមកដល់ពេលនេះ។ ដូច្នេះអក្សរជាអត្តសញ្ញាណ ជាតិ។
លោកជំទាវ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ច ជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា។ ដូច្នេះត្រូវរក្សាស្មារតីនេះកុំឱ្យបាត់បង់ទុកជាកេរទៅជំនាន់ក្រោយ”។
លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនូវ ការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យា បាល របស់បេក្ខជន ដែលបានជំរុញឱ្យមានការចូលរួមប្រកួត ប្រជែង ក្នុងកម្មវិធីសំណេរអង្គរនេះ ។ នេះជាការសងគុណ មួយចំពោះដូនតាយើង ។
សូមជម្រាបថា កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ ដ៏ មាន សារសំខាន់ ក្នុង ការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេស គឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរា វិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» លើក ទី១នេះ បានឱ្យដឹងថា មានបេក្ខជនចូលរួមប្រកួត ជាង៨០០នាក់ បានដាក់ពាក្យចូលរួម។ លោកបន្តថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេស គឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ៕
ដោយ៖ ស៊ាន សុផាត