សត្វផ្សោត ជាថនិកសត្វទឹក ដកដង្ហើមក្នុងបរិយាកាសដូចមនុស្ស និងវាមិនមែនជាត្រីទេ
ភ្នំពេញ៖ វាជារឿងចម្លែកណាស់ដែលយើងនិយាយទៅដល់សត្វមួយប្រភេទ វារស់នៅក្នុងទឹក ហើយវាលង់ទឹកស្លាប់ នោះវាមិនគួរឱ្យជឿសោះឡើយ ប៉ុន្តែវាមិនមែនជាត្រីទេ។ សុំជម្រាបថាផ្សោតមិនមែនជាត្រីទេ សត្វផ្សោតគឺជាថនិកសត្វទឹក ដកដង្ហើមក្នុងបរិយកាសដូចមនុស្សយើង។អញ្ចឹងហើយបើសិនពួកវាជាប់មងហើយ វាមិនអាចចេញមកដកដង្ហើមលើផ្ទៃទឹកបាន វាត្រូវតែលង់ទឹកស្លាប់ ។ តាមរយៈនេះដែរដោយសារឃើញពីភាពចាំបាច់ទើបរាជរដ្ឋាភិបាលកម្ពុជាចង់រក្សាឱ្យបាននូវការរស់រានមានជីវិតរបស់សត្វផ្សោត ទើបមិនអនុញ្ញាតិឱ្យប្រជានេសាទប្រើប្រាស់នៅក្នុងតំបន់ស្នួលទេ ។ នេះជាការលើកឡើងបញ្ជាក់ពីសំណាក់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល ។
លោក ផៃ សុម៉ានី ដែលជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលជលផល និងជាអ្នកជំនាញមួយរូបទៅលើសត្វផ្សោតបានចាត់ទុក បញ្ហាប្រឈមរបស់សត្វផ្សោតនាពេលបច្ចុប្បន្ននោះគឺ មងជាដើមចមដ៏សំខាន់ ដែលធ្វើឱ្យសត្វផ្សោតស្លាប់ ។ ពីព្រោះថា សត្វផ្សោតជាថនិកសត្វទឹក ដែលវាដកដង្ហើមក្នុងបរិយាកាស វាបំបៅកូនដោយទឹកដោះ ។ ពាក្យថា ដកដង្ហើមក្នុងបរិយាកាសមានន័យថាបើសិនក្នុងករណីខ្លួនវាក្នុងទឹក វាជាប់មង ក្នុងទឹករយៈពេល ១៣ដល់ ១៥នាទី ហើយវាមិនអាចឡើងមកលើផ្ទៃទឹកដកដង្ហើមនោះ វានឹងលង់ទឹកស្លាប់ដូចមនុស្សយើងដែរ ។
លោកបានធ្វើការពន្យលជុំវិញបញ្ហានេះថា៖ បច្ចុប្បន្នការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងនេះរដ្ឋបាលជលផល កំពុងសហការជាមួយរដ្ឋបាល ខេត្ត ក្រចេះ និងស្ទឹងត្រែងដោយបានផ្តោតសំខាន់ទៅលើដងទន្លេដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ចាប់ពីក្បាលកោះទ្រង់ក្នុង ខេត្ត ក្រចេះ ឆ្ពោះទៅកាន់ព្រំប្រទល់កម្ពុជា-ឡាវ ។
លោកថា ៖ ”តាមរយៈការធ្វើល្បាតទាំងយប់ទាំងថ្ងៃនៅទីកន្លែងដែលសត្វផ្សោតរស់នៅនាកន្លងមកគឺជាលទ្ធផលយើងទទួលបានកាត់បន្ថយអត្រាការស្លាប់របស់សត្វផ្សោតនោះបានច្រើនមែនទែន ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្តល់នូវសម្ភារៈ ជាឧបករណ៍ដែលបម្រើនូវការងារអនុវត្តច្បាប់ ។ តាមរយៈនេះដែរយើងបានប្រើឧបករណ៍ និងសម្ភារៈទាំងអស់នេះ ពិសេសទូកម៉ាស៊ីន កែវយឹត មានគោមសម្រាប់បំភ្លឺក្នុងការអនុវត្តច្បាប់ហូរហែ ។ ក្រៅពីនេះយើងបានធ្វើការបណ្តុះបណ្តាលឆ្មាំទន្លេរៀងរាល់ពេល ពិសេសការបណ្តុះបណ្តាលឱ្យពួកគាត់អាចប្រើឧបករណ៍ម្យ៉ាងមានឈ្មោះថាស្មាតធូល និងបច្ចេកទេសស្របទៅតាមបទដ្ឋាននៃបណ្តាប្រទេសអាស៊ានផងធ្វើឱ្យយើងទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចអភិរក្សសត្វផ្សោតនាកន្លងមក”។
ទាក់ទិនទៅនឹងសត្វផ្សោតនេះដែរលោក ផៃ សុម៉ានីបានឱ្យដឹងថា ៖ បើយើងនិយាយពីគុណភាពនៃបរិស្ថាន វិញ វាបានបង្ហាញច្បាស់ពីវត្តមានសត្វផ្សោត និងគុណភាពរបស់បរិស្ថាន ។ មានន័យថាបើនៅតែមានវត្តមានសត្វផ្សោតក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាយើងក្នុងន័យនេះបរិស្ថាននៃទន្លេមេគង្គត្រូវតែនៅល្អ ដែលធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាជីវចម្រុះ ។ ជីវចម្រុះមានន័យទៅដល់ភាពចម្រុះនៃជីវិតដែលនិយាយទៅដល់សត្វច្រើនប្រភេទក្នុងនេះមានទាំងត្រី មានទាំងថនិកសត្វ ឧរង្គសត្វ មានទាំងសត្វស្លាបជាដើម ។ លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”អញ្ចឹងមានន័យថាវត្តមានរបស់សត្វផ្សោតបង្ហាញនូវសុខភាពល្អនៃប្រព័ន្ធអេកូឡូស៊ី ដែលធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងជីវចម្រុះ”។
លោក ផៃ សុម៉ានីបានឱ្យដឹងផងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រិត្យមួយក្នុងតំបន់ ១៨០គីឡូម៉ែត្រ ដោយបែងចែកចេញជាតំបន់ស្នូល និងតំបន់ទ្រនាប់ក្នុងនេះគេបានធ្វើការបែងចែកចេញជាតំបន់ស្នូល និងតំបន់ទ្រនាប់ ហើយក្នុងនេះក៏បានបែងចែកផងដែរពី ៤តំបន់ស្នូល និង៤តំបន់ទ្រនាប់ ។ ក្នុងនេះបានហាមប្រជានេសាទមិនឱ្យប្រើប្រាស់មងក្នុងតំបន់ស្នូល លើកលែងតែតំបន់ទ្រនាប់ក្នុងរដូវប្រាំង គឺមងត្រូវបានអនុញ្ញាត្តិឱ្យប្រើប្រាស់ ប៉ុន្តែទំហំនៃក្រឡាមងត្រូវតែតូចជាង ៤សង់ទីម៉ែត្រ ។ ក្រៅពីនេះកិច្ចការពារនិងការអភិរក្សសត្វផ្សោតមិនត្រឹមតែអាចការពារសត្វផ្សោតបានទេ ប៉ុន្តែក៏ជាការពារបានផងដែរពីពូជសត្វត្រីកម្រៗដទៃទៀត ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានតែប្រទេសចំនួន ០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ ។ នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ៕
ដោយ ៖ ម៉ាដេប៉ូ