សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “នៅក្នុងរយៈពេល៥ខែនេះ ខ្ញុំបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងរយៈពេល៥ខែនេះ សម្តេចបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសម្តេចដោះស្រាយដោយផ្ទាល់ ហើយបញ្ជូនទៅឱ្យស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិចាត់វិធានការដោះស្រាយផ្ទាល់ភ្លាមៗ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ពិតណាស់ព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយនោះ មិនមែនសុទ្ធតែជាព័ត៌មានគ្រប់ជ្រុងជ្រោយ ប៉ុន្តែព័ត៌មានណាដែលយើងអាចបានដើម្បីស្រាវជ្រាវបន្តចាត់វិធានការបន្ត ហើយសូមអរគុណទៅដល់ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិជាច្រើន ដែលបានចូលរួមដោះស្រាយបញ្ហា ដោះស្រាយទាន់ពេលវេលានិងបានលឿន។ បញ្ហាទាក់ទងទៅនឹងការអនុវត្តលើស ឧទាហរណ៍រឿងទៅទារភាស៊ីប្រជាពលរដ្ឋលក់កញ្ជ្រែងល្អីពេលដែលរដ្ឋាភិបាលមិនឱ្យទារ ហើយព័ត៌មានចេញតាមហ្វេសប៊ុកឱ្យអាជ្ញាធរឆែកមើលភ្លាមពិតអត់ បើពិត បញ្ឈប់ភ្លាម។ ពាក់ព័ន្ធទំនាស់ដីវិវាទកន្លែងណាដែលមានភាពមិនត្រឹមត្រូវតាមច្បាប់ បញ្ជូនទៅឱ្យខេត្ត ខេត្តពិនិត្យមើលភ្លាមដោះស្រាយភ្លាម ដើម្បីពន្លត់រឿងកុំឱ្យទៅជារឿងធំ។ ហើយនេះ គឺជាមធ្យោបាយធំណាស់ ហើយក៏សូមលើកទឹកចិត្តកន្លងទៅក្រសួង ស្ថាប័នមួយចំនួន អាជ្ញាធរក្រោមជាតិក៏បានប្រើវិធានការនេះ វិធីសាស្ត្រនេះ ដើម្បីក្តាប់ព័ត៌មានឱ្យទាន់។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមឱ្យអភិបាលរាជធានី ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ គឺត្រូវប្រើវិធានការហ្នឹងឱ្យច្រើន ហើយជាពិសេសអ្វីដែលពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការអស់នេះ ព្រោះជួនកាលចាំលិខិតបទដ្ឋានរបាយការណ៍ពីក្រោមយូរណាស់ ជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អូមបាត់ទៅហើយ រឿងដែលតូចក្លាយទៅជារឿងធំបាត់ តែបើយើងអាចព្រោះទម្ងន់នៃអភិបាលខេត្ត ទម្ងន់នៃប្រធានស្ថាប័នអាចបញ្ជាពន្លត់ភ្លាម។ កិច្ចការខ្លះយើងបញ្ជាភ្លាម គឺដោះបានភ្លាម។ សម័យឌីជីថលយើងមិនត្រូវតែប្រើប្រាស់ឌីជីថលដើម្បីទទួលបានព័ត៌មានទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីថែមទាំងទទួលព័ត៌មាន និងដោះស្រាយបញ្ហា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាសម្តេចតេជោ ហ៊ុន សែន

ads banner