យោធាប្រទេសកូរ៉េខាងត្បូងថា កូរ៉េខាងជើងទើបបានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង
សេអ៊ូល៖ យោធារបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលឆ្លងទ្វីប ប្រភេទម៉ីស៊ីល Cruise ជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង នៅថ្ងៃពុធនេះ។ ការបាញ់ជាថ្មីនេះ ត្រូវបានចាត់ទុកថាជា សកម្មភាពចុងក្រោយបំផុត នៃការបង្កើនភាពតានតឹង របស់ប្រទេសមានអាវុធនុយក្លេអ៊ែរ មួយនេះ។
ម៉ីស៊ីល Cruise គឺជាប្រភេទម៉ីស៊ីលដែលប្រើក្នុងប្រតិបត្តិការយោធា ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។ ម៉ីស៊ីល Cruise ទំនើប មានសមត្ថភាពធ្វើដំណើរក្នុងល្បឿនដ៏លឿន អាចរុករកកម្មវុត្ថុដោយខ្លួនឯង ហើយអាចហោះលើគន្លងដែលមានរយៈកម្ពស់ទាបបំផុតផងដែរ។
កូរ៉េខាងជើងត្រូវបានគេដឹងថា កំពុងពន្លឿនការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅក្នុងឆ្នាំ២០២៤នេះ ក្នុងនោះ រួមមានទាំង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក និងកាំជ្រូចមីស៊ីលបាលីស្ទីកលឿន ជាសំឡេងទៀតផង។
តាមរយៈសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូងបានអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគនិងតាមដានយ៉ាងដិតដល់ ដើម្បីបង្ហាញព័ត៌មាន កាន់តែលម្អិត។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បង នូវកាំជ្រួចផ្លោងថ្មី មានក្បាលគ្រាប់ ដែលអាចបញ្ជាបានលឿនជាងសំឡេង។ មីស៊ីលប្រើឥន្ធនៈរឹង ត្រូវបានគេដឹងថា មិនចាំបាច់ចាក់សាំង ឬប្រេង មុននឹងបាញ់ចេញនោះទេ ដែលនេះធ្វើឱ្យវាអាចបាញ់ចេញភ្លាមៗ ធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា និងបាញ់កម្ទេច។ នៅថ្ងៃទី៥ ខែមករា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការពង្រីកការផលិតកាំជ្រួចមីស៊ីល ដើម្បីត្រៀមសម្រាប់ ការប្រយុទ្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ការបាញ់មីស៊ីលចុងក្រោយ នាថ្ងៃពុធនេះ បានកើនឡើង ស្របពេលដែលកូរ៉េខាងត្បូងនិងកំពុងធ្វើសមយុទ្ធយោធាកម្លាំងពិសេស រយៈពេល១០ថ្ងៃ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ខាងមុខ នេះបើតាមយោធាម៉ារីន របស់ប្រទេសកូរ៉េខាងត្បូង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត