សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្តើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្តើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម។ ទសវត្សទី៧០ រដ្ឋប្រហារ គឺដោយសារកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី។ ប៉ុន្តែនៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហមដែលចូលរួម។ បើសិនជាគ្មានការចូលរួមរបស់កងទ័ព បណ្តាមេបញ្ជាការតាមបណ្តាអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយអតីតអង្គការចាត់តាំងខ្មែរក្រហម ក៏មិនជោគជ័យដែរ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតីបានមានប្រសាសន៍បន្តថា ប្រទេសច្រើនណាស់ធ្លាក់នៅក្នុងសង្គ្រាមដោយសារកងទ័ពធ្វើរដ្ឋប្រហារ ដោយសារកងទ័ពបះបោរមិនស្តាប់មេដឹកនាំនយោបាយ។ នៅក្នុងដំណាក់កាល នៃការអនុវត្តជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការចូលរួមរបស់ប្រតិបត្តិការសំខាន់ៗ ក្នុងនោះកងទ័ព គឺជាស្នូល កងទ័ពគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។ ដែលបច្ចុប្បន្នឯកឧត្តមមេបញ្ជាជាច្រើនបាននៅជាមួយគ្នាទាំងនៅក្នុងបណ្តាអង្គភាពកំពុងបំពេញភារកិច្ច នាយទាហានខ្លះក៏បានចូលនិវត្តន៍ នាយទាហានខ្លះក៏បានទទួលមរណភាព នាយទាហានខ្លះក៏បានទៅកាន់តួនាទីនយោបាយ ប៉ុន្តែពាក់ឯកសណ្ឋាន និងឈ្មោះតែមួយ។ នៅក្នុងនោះ កម្លាំងធំ គឺកម្លាំងកងទ័ពជើងគោកដដែល ដែលកម្លាំងទាំងនោះបានប្រែក្លាយពីកម្លាំងពីរភាគីខុសគ្នាទៅជាកម្លាំងតែមួយ គឺកម្លាំងនៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះទោះការចូលរួមកម្លាំងរបស់កម្លាំងកងទ័ពជើងគោក គឺជាស្នូលនៅក្នុងការអនុវត្តជោគជ័យ នៃនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមាប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណដំបូង នៅឆ្នាំ១៩៩៨-២០០៣ ដែលហៅថា ដំណាក់កាលបង្រួមបង្រួមជាតិ ស្នូលនៃដំណាក់កាលនោះ គឺការធ្វើសន្តិភាវូបនីកម្ម គឺការធ្វើយ៉ាងណាឱ្យសន្តិភាពដែលទើបតែបាននៅឆ្នាំ១៩៩៨ បញ្ចប់សង្គ្រាម៥០០ឆ្នាំ មានចីរភាព និងមាននិរន្តភាព បានន័យថា កងកម្លាំងទាំងអស់ឈប់ត្រឡប់ទៅវិញប្រយុទ្ធគ្នាតទៅទៀត។ ការឈប់បាញ់ក្នុងមួយរយៈមិនប្រកាងថាអាចបញ្ចប់សង្គ្រាមនោះទេ បើគ្មានការទុកចិត្តគ្នា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត