កន្ធាយក្បាលកង្កែបដែលប្រភេទសត្វកម្រ មួយក្បាលបានស្លាប់ដោយសារ ជាប់សន្ទូច
(ភ្នំពេញ)៖សត្វកន្ធាយក្បាលកង្កែបដែលជាសត្វកម្រមួយក្បាល បានស្លាប់ ដោយ សារតែវាបានជាប់សន្ទូចអ្នកស្រុកនៅខេត្តក្រចេះ។ការបាត់បង់សត្វកន្ធាយ ក្បាល កង្កែបដែលកំពុងមានពងក្នុងពោះនេះដែរធ្វើឱ្យមានការសោកស្តាយពីសំណាក់អ្នកអភិរក្សសត្វព្រៃ។
អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤នេះថាកាលពីថ្ងៃទី ២៣ខែមករា ឆ្នាំ២០២៤ ក្រុមការងារWCS បានទទួលដំណឹងថាមានសត្វកន្ទាយ ក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម មានពង នៅក្នុង ពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពខាងលើនេះបានបញ្ជាក់ដែរថាក្នុងការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាល កង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូច ទាក់ជាប់ នឹងជើងរបស់វា។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_12-49-35-768x1024.jpg)
អ្នកអភិរក្សបានឱ្យដឹងថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់ សត្វ កន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។ កន្ធាយក្បាល កង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់។
ជាមួយគ្នានេះរដ្ឋបាលជលផល និងអង្គការ WCS បានអំពាវនាវដល់បងប្អូន ប្រជា នេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះឱ្យបានគង់វង្ស និងចៀសវាងការចាប់និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួល ទោស តាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថាកន្ធាយក្បាលកង្កែបគឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូច អណ្តើក នោះទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ សត្វ កន្ធាយនេះគឺត្រូវបានចាត់បញ្ចូលជាសត្វកម្រក្នុងបញ្ជីជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)។ តាមការស្រាវជ្រាវផ្លូវការរបស់IUCN កន្ធាយក្បាលកង្កែបមាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត ហើយពួក វារស់នៅតាមបណ្តោយទន្លេរមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ ប៉ន្តែវាក៏មាន នៅប្រទេសអាស៊ីមួយចំនួនផងដែរ ៕
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_12-49-37-768x1024.jpg)
ដោយ ៖ ម៉ាដេប៉ូ