កងទ័ព តែងផ្សាភ្ជាប់គ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ ពោលទាំង រដ្ឋប្រហារ ការរំដោះជាតិ ពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្ដិភាពជូនដល់ជាតិ និងប្រជាជន

(ភ្នំពេញ)៖ កងទ័ព តែងផ្សាភ្ជាប់គ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ ពោលទាំង រដ្ឋប្រហារ ការរំដោះជាតិ ពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្ដិភាពជូនដល់ជាតិ និងប្រជាជន ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឯកសណ្ឋានជាកងទ័ព ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្ដើមសង្គ្រាម ហើយកងទ័ពក៏ចូលរួមសំខាន់ក្នុងការបញ្ចប់សង្គ្រាម។

ទស្សវត្ស៍ទី៧០ រដ្ឋប្រហារ គឺដោយសារកងទ័ព ដែលធ្វើឲ្យប្រទេសធ្លាក់ចូលភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី ប៉ុន្ដែនៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគីជាពិសេស កងទ័ពអតីតខ្មែរក្រហមដែលចូលរួម បើសិនជាគ្មានការចូលរួមរបស់កងទ័ព បណ្ដាមេបញ្ជាការតាមបណ្ដាអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយរបស់ អតីតអង្គការចាត់តាំងខ្មែរក្រហម ក៏មិនជោគជ័យនោះដែរ។ សម្ដេចធិបតី បានបន្តថា នៅលើពិភពលោកមានប្រទេសជាច្រើន ដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារតែកងទ័ពធ្វើរដ្ឋប្រហារ និងដោយសារកងទ័ពបោះបោរមិនស្ដាប់ មេដឹកនាំនយោបាយ ដូច្នេះនៅក្នុងដំណាក់កាលនៃការអនុវត្តជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ ក្នុងកងទ័ពជាស្នូល។ ជាក់ស្ដែង កម្លាំងរបស់កងទ័ពជើងគោក ដែលអតីតកាលបានប្រែក្លាយពីកម្លាំងពីរភាគីខុសគ្នា មកជាកម្លាំងតែមួយ គឺកម្លាំងកងយោធពលខេមរភូមិន្ទ ដូច្នេះការចូលរួមរបស់កម្លាំងកងទ័ពជើងគោក គឺជាស្នូល ក្នុងការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៨ ហើយសម្ដេចក៏បានថ្លែងអំណរគុណដល់នាយទាហានទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឲ្យបាត់ស្មារតី ការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព ហើយ សម្ដេចបានណែនាំបញ្ជាការដ្ឋាន កងទ័ពជើងគោកបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងបំពាក់ផ្សេងៗ ៕

អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner