ប្រជាជនកម្ពុជានឹងចំណេញទាំងថវិកា និងការរ៉ាប់រងសុខភាព ពីគណនីសន្សំឆ្លាតរបស់ធនាគារ ព្រីនស៍
ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិត គឺ គណនីសន្សំឆ្លាត ដែលពិធីនេះរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល១ ក្នុងរោងភាពយន្ត Major Cineplex នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ តាមរយៈផែនការសន្សំ ខណៈផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ថ្លែងក្នុងពិធីបើកសម្ពោធផលិតផលថ្មីនេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក មានប្រសាសន៍ថា គណនីសន្សំឆ្លាត គឺជាការផ្តល់ជូនពិសេសពីធនាគារ ព្រីនស៍ ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនយើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើង ដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ហើយនឹងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។
លោកអភិបាលបន្តថា នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើន ប្រឈមនឹងការលំបាកលើការចំណាយសម្រាប់ថែទាំសុខភាព។
ព្រឹត្ដិការណ៍មួយចំនួនដែលមិនអាចនឹកស្មានដល់បាន ដូចជាគ្រោះថ្នាក់ដោយចៃដន្យ ឬជំងឺ ដែលជាមូលហេតុធ្វើឱ្យពួកគេបរាជ័យក្នុងការសម្រេចបាននូវគោលដៅសន្សំ ដែលពួកគេបានគ្រោងទុក។ ធនាគារ ព្រីនស៍ បានស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ ហើយបានណែនាំនូវផែនការសន្សំឆ្លាតមួយនេះ។ ផែនការនេះផ្តល់ជូននូវដំណើរសន្សំប្រាក់ជាក់លាក់ ជាមួយនឹងអត្ថប្រយោជន៍នៃការប្រាក់ខ្ពស់ ព្រមទាំងការធានារ៉ាប់រងផ្នែកសុខភាព ដោយឥតគិតថ្លៃ។ វាផ្តល់នូវការធានាដល់អតិថិជន ទាំងប្រាក់ចំណូល និងការការពារសុខភាព។ ហើយនេះក៏ជាតួនាទីដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុនេះដល់ប្រជាជនកម្ពុជា៕
អត្ថបទ៖ ឈឹម ទីណា